(កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់អាជ្ញាធរនៅមូលដ្ឋានពង្រឹងការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន ដែលយើងជាក្មេងជំនាន់ក្រោយតបស្នងសង គុណខណៈទទួលបានសន្តិភាព សព្វថ្ងៃគឺជាបូជាសាច់ឈាមស្រស់លើសមភូមិ ដើម្បីការពារជាតិមាតុភូមិរបស់យើង។ ការថ្លែងលើកឡើងនេះគ្រាដែលបានអញ្ជើញសាកសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនអតីតយុទ្ធជន ១០០នាក់ ស្ថិតនៅភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងក្នុងនាមជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនខេត្តកំពង់ស្ពឺថា បងប្អូនអតីតយុទ្ធជនទាំងអស់ក្នុងក្របខណ្ឌខេត្ត និងត្រូវជួបសំណេះសំណាល សួរសុខទុក្ខពីរដងក្នុងមួយឆ្នាំក្នុងរដូវចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ស្របតាមប្រសាសន៍ការណែនាំដ៏ខ្ពង់ខ្ពស់របស់អតីតប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាក្រោមនយោបាយឈ្នះឈ្នះ។

លោកបណ្ឌិតបានបន្តណែនាំឲ្យបងប្អូនជាអតីតយុទ្ធជនប្រឹងប្រែងការងារបង្កបង្កើលផល ជាពិសេសដោយជ្រើសរើសយកពូជស្រូវដែលមានទិន្នផលខ្ពស់ ហើយធ្វើយ៉ាងណាឲ្យកូនៗបានចូលរៀនគ្រប់ៗគ្នាងាយស្រួលស្វែងរកការងារ ធ្វើខណៈក្នុងខេត្តទាំងមូលមានរោងចក្រជាង៤០០រោងចក្រកំពុងដំណើរការ ហើយជាងនេះនៅខ្វះកម្លាំងពលកម្មជាច្រើនផងដែរ។

សូមរំលឹកថា សមាគមអតីតយុទ្ធជន ត្រូវបានបង្កើតឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមគ្គុទ្ទេសក៍ឯក នៃនយោបាយឈ្នះឈ្នះ ដោយបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា នាំមកនូវសន្តិភាព ស្ថេរភាពជាតិ និងការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិតជាមហាសប្បុរស បរិបូណ៌ដោយព្រហ្មវិហារធម៌ ក្តីមេត្តាដ៏ខ្ពង់ខ្ពស់ បានបង្កើតសមាគមអតីតយុទ្ធជនកម្ពុជានេះឡើង ព្រមទាំងស្ម័គ្រចិត្តធ្វើជាប្រធានសមាគមមួយនេះដោយផ្ទាល់ ក្នុងក្តីមេត្តា និងព្រហ្មវិហារធម៌របស់សម្តេចតេជោ មហាធំធេងអស្ចារ្យណាស់ក្នុងដំណាក់កាល សម្តេចជានាយករដ្ឋមន្ត្រី សម្តេចសុខចិត្តធ្វើជាប្រធានសមាគម ដើម្បីអតីតយុទ្ធជនទទួលបានផលប្រយោជន៍កិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងសង្គម។

ជាក់ស្តែង សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានបរិច្ចាគធនធានផ្ទាល់របស់សម្តេចជួយទំនុកបំរុងអតីតយុទ្ធជន ទាំងថវិកា សម្ភារ គ្រឿងឧបភោគ បរិភោគ ផ្ទះសម្បែង ផ្តល់សម្បទានដីសង្គមកិច្ច សង់ផ្ទះជូនអតីតយុទ្ធជន ដែលទ័លក្រ ខ្វះលទ្ធភាព ដូចឃើញស្រាប់ក្នុងភូមិជ្រៃសែនជ័យ ជាសក្ខីភាពជាមួយគ្នានេះបានតម្លើងប្រាក់សោធនប្រាក់ពិការភាព ប្រចាំឆ្នាំជូនអតីតយុទ្ធជន ដូចមន្ត្រីរាជការ កងកម្លាំងក្នុងតំណែងផងដែរ៕