(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការពិសេស គ្រប់គ្រងគម្រោងសាង សង់ព្រែកជីកហ្វូ ណន តេជោ បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ កំពុងដំណើរការសាងសង់ធម្មតា និងរំពឹងថា អាចបញ្ចប់មុន ឬតាមផែនការគ្រោងទុក មិនដូចការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ របស់ព័ត៌មានបរទេសមួយចំនួននោះទេ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធcdcIPM) នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបថា ព្រែកជីកហ្វូណននឹងធ្វើចប់ជាស្ថាពរ តាមការគ្រោងទុក ឬមុនការគ្រោងទុក»

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ប៉ុន្មានថ្ងៃនេះ មានសារព័ត៌មានបរទេសមួយចំនួន បានបញ្ចេញមតិ ខុសទាំងស្រុង មិនដឹងថា សារព័ត៌មាននោះ យកព័ត៌មានប្រភពពីណានោះទេ។

បើតាមការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, មកដល់ម៉ោងនេះ មិនទាន់មានការប៉ះពាល់ដីធ្លីរបស់នៅឡើយទេ ដោយសាររាជរដ្ឋាភិបាលចាំទឹកស្រក ដើម្បីចុះទៅបោះនិយាមការឲ្យបានត្រឹមត្រូវ នៅពេលដែលបោះហើយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើដំណើរតាមក្រោយ ទៅពិនិត្យឲ្យច្បាស់លាស់ និងផ្តល់សំណងជូនពលរដ្ឋ។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ឲ្យដឹងថា តាមការសិក្សាជាបឋម មានផ្ទះប៉ះពាល់ ចំនួន១,៥៨៥ខ្នង ប៉ុន្ដែនៅពេលចុះទៅជាក់ស្ដែង មានការកែ និងពង្រីកកន្លែងខ្លះ មានការប៉ះពាល់ផ្ទះចំនួន២,៣០៥ខ្នង ក្នុងនោះ មាន៤០០ខ្នង ដែលបានប៉ះពាល់ច្រើន ក្រៅពីនោះមានការប៉ះពាល់តិចតួច។

បន្ថែមពីនោះទៀត ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា «យើងជួលក្រុមហ៊ុនឯកជនមួយទៀត ទៅធ្វើការលើការងារផលប៉ះពាល់ឲ្យច្បាស់ និងចុះជួបប្រជារាស្ត្រផ្ទាល់ ហើយមិនមែនតែផ្ទះនោះទេ ដែលត្រូវសងសំណង សូម្បីតែដើមឈើក៏រាប់បញ្ចូល ក្នុងការសងសំណងផងដែរ»។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា «ខ្ញុំសូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ បានធ្វើរហូតប៉ុន្តែមិនទាន់ដល់ពេល តែនៅពេលដែលដោះស្រាយហើយ យើងនឹងចាប់ដំណើរការ ហើយការបើកការដ្ឋាន គឺជាការបោះជំហានទី១ ហើយរដ្ឋកំពុងតែធ្វើការជាបន្ដបន្ទាប់ ជារៀងរាល់ថ្ងៃ មិនដូចអ្វីដែលផ្សព្វផ្សាយថា មិនបានធ្វើអ្វីនោះទេ»

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានផ្ដាំផ្ញើដល់បងប្អូនពលរដ្ឋ សូមកុំជឿលើព័ត៌មានក្លែងក្លាយពីបរទេស ញុះញង់ប្រជាពលរដ្ឋ និងមើលងាយរាជរដ្ឋាភិបាល ថាមិនបានធ្វើអ្វី។

សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីបំភ្លឺព័ត៌មាន និងច្រានចោលទាំងស្រុង នូវការចេញផ្សាររបស់សារព័ត៌មានបរទេសមួយចំនួន ដូចជាកាសែតបាងកកប៉ុស្ដិ៍ និងកាសែតរ៉យទ័រ ដែលផ្សាយថា «គម្រោងព្រែកជីកហ្វូណនតេជោ ដ៏ល្បីរបស់កម្ពុជា កំពុងជួបប្រទះបញ្ហា ពាក់ព័ន្ធនឹងការខ្វះខាត មូលនិធិក្នុងការអនុវត្ដគម្រោង»

ក្រសួងចាត់ទុកថា ព័ត៌មានដែលបានចុះផ្សាយនេះ គឺមានភាពមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងគោលបំណងបំភ្លៃ បំផ្លើស បំពុល លាបពណ៌ និងញុះញង់ ពាក់ព័ន្ធនឹងដំណើរការសាងសង់ ព្រែកជីកហ្វូណនតេជោ» ដែលមានខ្លឹមសារផ្ទុយពីការពិតទាំងស្រុង។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្ដគម្រោងព្រែកជីកនេះយ៉ាងសកម្ម ហើយក្រុមការងារបច្ចេកទេសរបស់ក្រសួង បានបញ្ចប់ ការសិក្សាលម្អិត និងកំពុងចុះវាយតម្លៃយ៉ាងស៊ីជម្រៅអំពីផលប៉ះពាល់ជាក់ស្ដែងចំពោះបងប្អូនប្រជាពលរដ្ឋ តម្រាយផ្លូវទឹកមួយចំនួនបន្ថែម និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដែលត្រូវកំណត់ និងដោះស្រាយចំពោះមុខ។

លើសពីនេះ ក្រុមការងារអនុវត្ដគម្រោងបាននឹងកំពុងបន្ដអនុវត្ដយ៉ាងសស្រាក់សស្រាំ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងក្នុងក្របខណ្ឌ និងដៃគូអន្ដរជាតិ មិនដូចការលើកឡើងមិនពិតម្ដងហើយម្ដងទៀតរបស់សារព័ត៌មានទាំងនោះឡើយ៕