(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី តេជោ (ម.ធ.ត.) បានរៀបចំ «ថ្ងៃបទបង្ហាញសាធារណៈ» ដែលជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីនវានុវត្តន៍បញ្ច្រាស រដូវកាលទី៤ ដើម្បីឱ្យក្រុមដែលចូលរួមប្រកួតបានធ្វើបទបង្ហាញ​អំពីគំនិតអាជីវកម្មខ្លួន​ទៅកាន់គណៈកម្មការ​ដើម្បីដណ្តើមយកជ័យលាភី ដែលជាក្រុមជើងឯកដែលមានសក្តានុពលលើបច្ចេកវិទ្យា​ហិរញ្ញវត្ថុ។

ពិធីនេះបានធ្វើឡើងនាល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ និងមានការចូលរួមពីសំណាក់លោក Pell Remisisophon សមាជិកក្រុមប្រឹក្សានៃសមាគមធនាគារនៅកម្ពុជា, កញ្ញា ហ៊ុន ស្រីណាង អ្នកជំនាញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៃសហគ្រិនខ្មែរ, លោក ទ្រី ខេងលេង នាយកគ្រប់គ្រងបង្កើតថ្មីនៃធនាគារ វីង និង តំណាងដៃគូពាក់ព័ន្ធ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីនវានុវត្តន៍បញ្រ្ចាសរដូវកាលទី៤ រៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ", ដោយមានការសហការរៀបចំកម្មវិធីដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសហគ្រិនខ្មែរ។

ថ្លែងនាឱកាសនោះលោកបណ្ឌិត តាំង ងួនលី បានលើកឡើង​ថា ជុំវិញកម្មវិធីប្រកួតប្រជែងនេះ បានចាប់ផ្តើមជាង ៤ខែមកហើយ ដែលមានធុរកិច្ច (Startup) ចូលរួមចំនួន ២៨ក្រុម ដោយធុរកិច្ចទាំងនោះ​ទទួលបាន​ការបណ្តុះបណ្តាល ការ​តម្រង់​ទិស​ពីអ្នកណែនាំផ្សេងៗ ក្នុងនោះនៅក្នុងមួយដំណាក់កាលៗ គឺបាន​ជ្រើស​រើស​អ្នក​ដែល​មានសក្តានុពលចំនួន ១០ក្រុម, បន្ទាប់មកយកបានជ្រើសរើសចំនួន ៧ក្រុម មកប្រកួត​ប្រជែង​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រនេះ, ក្នុងនោះមជ្ឈមណ្ឌលបានរកឃើញធុរកិច្ចដែលមានសក្តានុពល លើ​ដំណោះ​ស្រាយ​បច្ចេកវិទ្យាហិរញ្ញវត្ថុនេះ និងបានផ្តល់ថវិកាលើកទឹកចិត្ត ដល់ក្រុមដែលជាប់​ជ័យ​លាភី​ទាំង​នោះ ដើម្បីយកទៅពង្រីកអាជីវកម្មរបស់ពួកគាត់បន្ថែម។

លោកបណ្ឌិត តាំង ងួនលី បានបន្ថែមថា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ បានរៀបចំកម្មវិធី​នវានុវត្ត​ន៍​បញ្រ្ចាស ​នេះចំ​នួន ៤ដងមកហើយ ដោយផ្តោតចំតែម្តងទៅលើការស្រាវជ្រាវផ្នែកហិរញ្ញវត្ថុ ដោយសារ​មជ្ឈមណ្ឌល​មើលឃើញថា បច្ចេកវិទ្យាស្រាវជ្រាវហិរញ្ញវត្ថុ គឺមានសក្តានុពល និងមានភាពទូលំទូលាយ ហើយក្រុមធុរកិច្ចដែលរកដំណោះស្រាយបែបនេះគឺមានសក្តានុពល និងការលូតលាស់បានល្អ និងទទួលបានជោគជ័យយ៉ាងឆាប់រហ័ស។

សូមបញ្ជាក់ដែរថា ទុនវិនិយោគដែលមិនយកភាគហ៊ុនសរុបចំនួន ១២៨លានរៀល ត្រូវបានប្រើប្រាស់ដើម្បីផ្តល់ជូនដល់ធុរកិច្ចថ្មីឆ្នើមទាំង ៥ ក្រុមហើយនាមជាក្រុមជើងឯក Top performance ជាមួយនឹងទឹកប្រាក់ចំនួន ៤០ លានរៀល បានទៅលើក្រុម Mylekha, នាមជា Special mention ជាមួយនឹងទឹកប្រាក់ចំនួន ២៨លានរៀល បានទៅកាន់ Krubkrong និងនាមជា Top finalists ជាមួយនឹងទឹកប្រាក់ចំនួន ២០ លានរៀលក្នុងមួយក្រុមលើកាន់ Snaprec, Jaytech និង Quanta។

យុវជន នាគ ប៊ុនហាក់ ប្រធានក្រុមម៉ាយលេខា (Mylekha) ដែលជាប់ជ័យលាភីលេខ១ នៅក្នុង​ការ​ប្រកួត​ប្រជែងក្នុងកម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី៤ បានបង្ហាញអារម្មណ៍រីករាយក្រោយទទួលបានជ័យលាភី និងបានអះអាងថា ចំពោះថវិកាដែលក្រុមទទួលបានចំនួន ៤០លានរៀល ពីការប្រកួត​ប្រជែង​នេះ នឹងយកថវិកាទាំងនោះទៅពង្រីកអាជីវកម្ម និងពន្លឿនកម្មវិធីរបស់ពួកគាត់ ដើម្បី​ជួយ​លើក​កម្ពស់ដល់ម្ចាស់អាជីវកម្មខ្នាតតូច នៅកម្ពុជាឱ្យកាន់តែប្រសើរ៕