(ភ្នំពេញ)៖ រាជធានីភ្នំពេញ ទទួលបានជ័យលាភីជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) លើកទី១ ដោយជោគជ័យ ដោយគ្រប់ខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន និងមានបង្គន់សាធារណៈប្រើប្រាស់រួមគ្នាផងដែរ។

ពិធីប្រកាសជ័យលាភីជារាជធានីភ្នំពេញ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ត្រូវបានធ្វើឡើងនាព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉េស៊ីដង់សុខា ភ្នំពេញ ក្រោមអធិបតីភាពលោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ឆាយ ឬទ្ធិសែន បានលើកឡើងថា គិតត្រឹមពេលនេះរាជធានី និងខេត្តចំនួន១១ហើយ ដែលសម្រេចបានជារាជធានី ខេត្ត ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល រួមមាន៖ ខេត្តស្វាយរៀង, ព្រៃវែង, កណ្តាល, កំពង់ស្ពឺ, កំពង់ឆ្នាំង, កែប, ព្រះសីហនុ, កំពង់ចាម, រតនៈគីរី, សៀមរាប និងខេត្តត្បូងឃ្មុំ ហើយនៅថ្ងៃនេះរាជធានីភ្នំពេញ ដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ពិតជាសគ្គសម ដែលសម្រេចបាននូវការបញ្ចប់ការបន្ទោរបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) លើកទី១ ដោយជោគជ័យ។

លោក ឆាយ ឬទ្ធិសែន បានបន្តទៀតថា មកដល់ពេលនេះ អត្រាគ្រប់ដណ្តប់ទឹកស្អាត និងអនាម័យនៅទូទាំងប្រទេសបានប្រមាណ៨៨,៨% ពោលគឺអត្រាគ្រប់ដណ្តប់ទឹកស្អាត ស្មើនិង៨៦% និងអត្រាគ្រប់ដណ្តប់អនាម័យ នៅទូទាំងប្រទេស មានចំនួន៩១% ហើយនៅក្នុងឆ្នាំ២០៣០ខាងមុខ នឹងត្រូវសម្រេចអត្រាគ្រប់ដណ្តប់អោយបាន១០០%។ ការសម្រេចបានរាជធានី ខេត្ត (ODF+) និង (ODF) គិតត្រឹមថ្ងៃនេះ មានចំនួន១២រាជធានី-ខេត្ត។

លើសពីនេះ ក្រសួងបានដាក់ចេញជាផែនការនៅឆ្នាំ២០២៤ និងសម្រេចឲ្យបាន២ខេត្តទៀត នោះគឺខេត្តតាកែវ និងខេត្តស្ទឹងត្រែង ដែលនឹងទៅទទួលពានជាខេត្តបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល ដែលនឹងកើនដល់១៤/២៥រាជធានី ខេត្ត នៅទូទាំងប្រទេស។ រាជធានីភ្នំពេញ សម្រេចបានជារាជធានីបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) លើទី១ មានន័យថា គ្រប់ខ្នងផ្ទះនីមួយៗ មានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន និងមានបង្គន់សាធារណៈប្រើប្រាស់រួមគ្នាផងដែរ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ និងបានបញ្ជាក់បន្ថែមថា រាជធានីភ្នំពេញ បានបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាលយូរឆ្នាំហើយ។ លោកបានបន្តទៀតថា រដ្ឋបាលរាជធានីភ្នំពេញ បានប្តេជ្ញាចិត្តក្នុងផ្តល់នូវសេវាតម្រូវការ និងសេវាសំណូមពរ ឲ្យទៅដល់គោលដៅអភិវឌ្ឍន៍ដោយចីរភាព នៅឆ្នាំ២០៣០ រួមមាន ដូចខាងក្រោម៖

*ទី១៖ ពង្រឹកសេវាគ្របដណ្តប់ប្រព័ន្ធលូមេ ៨០ទៅ៩០ភាគរយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
*ទី២៖ បង្កើនអនាម័យនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ និងតភ្ជាប់បណ្តាញលូមេឲ្យបានច្រើន
*ទី៣៖ ពង្រឹងការគ្រប់គ្រងអនាម័យនៅតាមខ្នងផ្ទះពិសេសនៅតំបន់ជាយក្រុង
*ទី៤៖ បង្កើតស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បន្ថែមទៀត ដើម្បីបង្កើតសមត្ថិភាពប្រព្រឹត្តកម្មទឹកកខ្វក់ មុនបញ្ជូលទៅក្នុងប្រភពទឹកធម្មជាតិ
*ទី៥៖ ពង្រីកសេវាប្រមូលសំរាម កាកសំណល់រឹងគ្រប់ដណ្តប់លើរាជធានីភ្នំពេញ
*ទី៦៖ ជំរុញការផ្តល់ទឹកស្អាត អគ្គិសនីឲ្យកាន់តែមានស្ថេរភាព និងទូលំទូលាយថែមទៀត។

លោក ឃួង ស្រេង បានអំពាវនាវឲ្យភាគីពាក់ព័ន្ធ បន្តចូលរួមជាពហុវិស័យ កែលម្អអនាម័យ បរិស្ថាន ដោយត្រូវផ្លាស់ប្តូរទំលាប់ តាមរយៈការប្រើប្រាស់បង្គន់ឲ្យបានត្រឹមត្រូវ និងការទុកដាក់ ការញែកសំរាម ការបញ្ចេញសំរាមតាមពេលវេលាកំណត់ និងការលាងដៃ និងសាប៊ូឲ្យបានស្អាត ដើម្បីរាជធានីភ្នំពេញ មានភាពស្រស់ស្អាត បរិស្ថានល្អ និងដើម្បីសុខភាពរបស់យើងទាំងអស់គ្នា ជៀសវាងពីជំងឺឆ្លងផ្សេងៗ ហើយក៏ជាការសន្សំសំចៃសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរថែមទៀតផង៕