(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) នឹងរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅខេត្តសៀមរាប នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ ក្រោមប្រធានបទ «ការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍ មិនទាន់បញ្ចប់ទេ» ព្រឹត្តិការណ៍នេះក៏ដើម្បីលើកកម្ពស់ការយល់ដឹង និងការបង្ការការឆ្លងមេរោគអេដស៍ ការធ្វើតេស្តរកមេរោគអេដស៍ ការព្យាបាល និងគាំទ្រ​ដល់អ្នកដែលរងផលប៉ះពាល់ដោយសារមេរោគអេដស៍/ជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក។

បើយោងតាមអង្គការ UNAIDSបានឲ្យដឹងថា ប្រជាជនប្រហែល៤០លាននាក់នៅទូទាំងពិភពលោកកំពុងរស់នៅជាមួយមេរោគអេដស៍ ដែលជាងពាក់កណ្តាលនៃពួកគេជាស្ត្រី និងកុមារីស្របនឹងតាមរបាយការណ៍ ការឆ្លងថ្មីប្រមាណ ១.៣លាននាក់ជារៀងរាល់ឆ្នាំ។ ការមាក់ងាយ និងការរើសអើងបានបន្តរារាំងបុគ្គលពីការស្វែងរកការថែទាំចាំបាច់ ហើយប្រជាជនគន្លឹះជាច្រើនកំពុងប្រឈមមុខ​នឹងឧបសគ្គដ៏ច្រើន ក្នុងការ​ទទួលបានការព្យាបាល។ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នឹងផ្តោតលើបញ្ហាប្រឈមទាំងនេះ ដោយសង្កត់ធ្ងន់លើតម្រូវការ ដើម្បីកំណត់ការឆ្លើយតបទៅនឹងមេរោគអេដស៍/ជំងឺអេដស៍ ដែលជាអាទិភាព​លើរបៀប​វារៈសុខភាពសាធារណៈថ្នាក់ជាតិ និងពិភពលោក។

ព្រឹត្តិការណ៍ពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ របស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា នឹងរួមបញ្ចូលទាំងការប្រកួតគូររូប ក្រោមប្រធានបទ «សុខមាលភាពក្នុងជីវិត» និងធ្វើឡើង​នៅសួនច្បារមុខ សណ្ឋាគាររ៉ាហ្វែលអង្គរសៀមរាប ខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះមានការចូលរួមដោយតំណាង រាជរដ្ឋាភិបាល សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីជាការ រួមគ្នារួបរួមសំឡេងដ៏រឹងមាំមួយ សម្រាប់បន្តការតស៊ូប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ដើម្បីជួយសង្គ្រោះជីវិតមនុស្សទូទាំងពិភពលោក។

បើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី បានឱ្យបណ្តាញព័ត៌មាន Fresh News ដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា រដ្ឋាភិបាលត្រូវតែផ្តល់អាទិភាពដល់ការបង្ការ ការព្យាបាល និងសេវាថែទាំមេរោគអេដស៍ ដោយធានាថាពុំមាននរណាម្នាក់ត្រូវមើលរំលងឡើយ។ នៅពេលយើងប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះ យើងទទួលស្គាល់ថា «ការប្រយុទ្ធនឹង​មេរោគអេដស៍/ ជំងឺអេដស៍ មិនទាន់បញ្ចប់ទេ» ហើយយើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការបញ្ចប់ជំងឺអេដស៍ ដោយការលើកកម្ពស់គោលនយោបាយរួមគ្នា និងធានាឱ្យមានលទ្ធភាពទទួលបានការធ្វើតេស្ត និងការព្យាបាលសម្រាប់ប្រជាជនគ្រប់រូប។

សូមបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) គឺជាអង្គការមិនរកប្រាក់កម្រៃជាសាកលដែលផ្តល់សេវាមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ និងការតស៊ូមតិដល់មនុស្សជាង២លាននាក់ក្នុង ៤៨ ប្រទេសទូទាំងពិភពលោកក្នុងទ្វីបអាហ្រ្វិក អាមេរិក តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ បច្ចុប្បន្ន AHF គឺជាអ្នកផ្តល់សេវាថែទាំសុខភាពអេដស៍/ជំងឺអេដស៍ដ៏ធំបំផុត ដែលមិនស្វែងរកប្រាក់ចំណេញនៅក្នុងពិភពលោក៕