(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការផ្ដល់នូវសេវាតម្រូវការ និងសេវាសំណូមពរជូនប្រជាពលរដ្ឋ ឲ្យដល់គោលដៅអភិវឌ្ឍន៍ដោយចីរភាពនៅឆ្នាំ២០២៣ តាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការប្ដេជ្ញាចិត្តនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពិធីប្រកាសជ័យលាភីរាជធានីភ្នំពេញ ជារាជធានីដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្រោមអធិបតីភាព លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ។
លោក ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ និងបានបញ្ជាក់បន្ថែមថា រាជធានីភ្នំពេញ បានបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាលយូរឆ្នាំហើយ។ លោកបានបន្តទៀតថា រដ្ឋបាលរាជធានីភ្នំពេញ បានប្តេជ្ញាចិត្តក្នុងផ្តល់នូវសេវាតម្រូវការ និងសេវាសំណូមពរ ឲ្យទៅដល់គោលដៅអភិវឌ្ឍន៍ដោយចីរភាព នៅឆ្នាំ២០៣០ រួមមាន ដូចខាងក្រោម៖
*ទី១៖ ពង្រឹកសេវាគ្របដណ្តប់ប្រព័ន្ធលូមេ ៨០ទៅ៩០ភាគរយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
*ទី២៖ បង្កើនអនាម័យនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ និងតភ្ជាប់បណ្តាញលូមេឲ្យបានច្រើន
*ទី៣៖ ពង្រឹងការគ្រប់គ្រងអនាម័យនៅតាមខ្នងផ្ទះពិសេសនៅតំបន់ជាយក្រុង
*ទី៤៖ បង្កើតស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បន្ថែមទៀត ដើម្បីបង្កើតសមត្ថិភាពប្រព្រឹត្តកម្មទឹកកខ្វក់ មុនបញ្ជូលទៅក្នុងប្រភពទឹកធម្មជាតិ
*ទី៥៖ ពង្រីកសេវាប្រមូលសំរាម កាកសំណល់រឹងគ្រប់ដណ្តប់លើរាជធានីភ្នំពេញ
*ទី៦៖ ជំរុញការផ្តល់ទឹកស្អាត អគ្គិសនីឲ្យកាន់តែមានស្ថេរភាព និងទូលំទូលាយថែមទៀត។
លោក ឃួង ស្រេង បានអំពាវនាវឲ្យភាគីពាក់ព័ន្ធ បន្តចូលរួមជាពហុវិស័យ កែលម្អអនាម័យ បរិស្ថាន ដោយត្រូវផ្លាស់ប្តូរទំលាប់ តាមរយៈការប្រើប្រាស់បង្គន់ឲ្យបានត្រឹមត្រូវ និងការទុកដាក់ ការញែកសំរាម ការបញ្ចេញសំរាមតាមពេលវេលាកំណត់ និងការលាងដៃ និងសាប៊ូឲ្យបានស្អាត ដើម្បីរាជធានីភ្នំពេញ មានភាពស្រស់ស្អាត បរិស្ថានល្អ និងដើម្បីសុខភាពរបស់យើងទាំងអស់គ្នា ជៀសវាងពីជំងឺឆ្លងផ្សេងៗ ហើយក៏ជាការសន្សំសំចៃសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរថែមទៀតផង៕