(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។

ដើម្បីរួមចំណែកឱ្យដំណើរការរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ នៅខេត្តឧត្តរមានជ័យ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ពិសេសធានារក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរបបសាធារណៈនៅទីតាំងជុំវិញបោះជំរំ និងទីកន្លែងទស្សនកិច្ចសិក្សារបស់ប្រតិភូជាតិ អន្តរជាតិ នៅតាមបណ្តាល ក្រុង ស្រុក មួយចំនួន រដ្ឋបាលខេត្តឧត្តរមានជ័យ បានណែនាំនូវចំណុចមួយចំនួនរួមមាន៖

*រដ្ឋបាលក្រុង ស្រុក ត្រូវណែនាំដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅតាមបណ្តោយផ្លូវជាតិ និងផ្លូវក្នុងក្រុង ស្រុក ធ្វើការសម្អាតអនាម័យ បរិស្ថាន និងលើកទង់ជាតិតាមខ្នងផ្ទះ ដើម្បីអបអរសាទរក្បួនដំណើររបស់ប្រតិភូ។
*គ្រប់មន្ទីរ អង្គភាព សាលាក្រុង ស្រុក គ្រឹះស្ថានរដ្ឋបាលសាធារណៈ និងឯកជននានា ត្រូវសម្អាតអនាម័យ បរិស្ថាន នៅមុខបរិវេណមន្ទីរ អង្គភាព គ្រឹះស្ថានរបស់ខ្លួន និងតុបតែលម្អទង់ជាតិ ទង់ជ្វាលា។
*រដ្ឋបាលក្រុងសំរោង និងស្រុកចុងកាល់ ត្រូវណែនាំដល់ប្រជាពលរដ្ឋ មិនឱ្យមានការប្រើប្រាស់ និងបង្ហោះដ្រូន នៅទូទាំងក្រុងសំរោង បរិវេណទីតាំងបោះជំរំ តាមតម្រាយផ្លូវជាតិលេខ៦៨ ចាប់ពីក្រុងសំរោង ឆ្ពោះទៅស្រុកចុងកាល់ និងទីតាំងចែកអំណោយ នៅឃុំចុងកាល់៕