(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បដិវត្តន៍ពណ៌ត្រូវបានរៀបចំឡើងក្រោមស្បៃវាំងនននៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស តម្លាភាព យុត្តិធម៌ជាដើម ដែលត្រូវបានគេប្រើប្រាស់ជាខែល ឬជាចលករជំរុញនូវរលកនៃ «បដិវត្តន៍ពណ៌» ហើយបដិវត្តន៍ពណ៌ គឺជាគ្រោះភ័យអន្តរាយសម្រាប់រដ្ឋមួយ ដែលត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុតហើយបដិវត្តន៍ពណ៌ និងសណ្តាប់ធ្នាប់ពិភពលោក គឺមានការពាក់ព័ន្ធគ្នាយ៉ាងចាំបាច់ដោយមិនអាចមើលរំលងបាននោះទេ។
ការលើកឡើងរបស់ លោកបណ្ឌិត យង់ ពៅ បានធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងវេទិកាភ្នំពេញលើកទី៣ ស្ដីពី «បដិវត្តន៍ពណ៌និងសណ្ដាប់ធ្នាប់ ពិភពលោកដែលកំពុងវិវត្ត៖ បញ្ហាប្រឈមចំពោះអធិបតេយ្យ និងលទ្ធិប្រជាធិបតេយ្យ»។ វេទិកាភ្នំពេញលើកទី៣ មានការចូលរួម ពីវាគ្មិនអន្តរជាតិដែលមានជំនាញលើវិស័យសន្តិសុខនិងភូមិសាស្រ្តនយោបាយ ក្នុងនោះរួមមាន បង់ក្លាដែស ស្រីលង្កា រុស្ស៉ី និងចិន ក៏ដូចជាអ្នកស្រាវជ្រាវផ្នែកទំនាក់ទំនងអន្តរជាតិ និងភូមិសាស្រ្តនយោបាយក្នុងស្រុកផ្សេងៗទៀត។
លោកបណ្ឌិត បានថ្លែងថា បដិវត្តន៍ពណ៌ជាបញ្ញត្តិនយោបាយផង និងជាព្រឹត្តិការណ៍នយោបាយដ៏ក្តៅគគុកផងដែលត្រូវបានពិភាក្សាយ៉ាងទូលំទូលាយក្នុងចំណោមបញ្ញវន្ត អ្នកនយោបាយ អ្នកសារព័ត៌មាន និងមហាជនទូទៅ។
លោកបណ្ឌិត យង់ ពៅ បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងទស្សនទាននៃប្រទេសដែលរងគ្រោះដោយសារបដិវត្តន៍ពណ៌, ពួកគេចាត់ទុកបដិវត្តន៍ពណ៌ជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ ដែលគំរាមកំហែងដល់សន្តិភាព ស្ថិរភាព អធិបតេយ្យ និងឯករាជ្យរបស់រដ្ឋ។ បដិវត្តន៍ពណ៌ត្រូវបានរៀបចំឡើងក្រោមស្បៃវាំងនននៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស តម្លាភាព យុត្តិធម៌ជាដើម ដែលត្រូវបានគេប្រើប្រាស់ជាខែល ឬជាចលករជំរុញនូវរលកនៃ «បដិវត្តន៍ពណ៌» នេះឱ្យពុះកញ្ជ្រោលឡើងរហូតក្លាយជាស៊េរីនៃចលនាហិង្សា ឬអហិង្សាក្នុងប្រទេសមួយចំនួនមិនចេះឈប់ឈរ ហើយជាចុងក្រោយ បង្កទៅជាជម្លោះ និងសង្រ្គាមរ៉ាំរ៉ៃ ជាក់ស្តែងដូចជានៅតំបន់អឺរ៉ុបខាងកើត និងតំបន់មជ្ឈិមបូព៌ាជាដើម»។
ជាមួយនឹងវេទិកាជជែកពីបដិវត្តន៍ពណ៌នេះ លោកណ្ឌិត យង់ ពៅ បង្ហាញជាទស្សនៈថា បដិវត្តន៍ពណ៌ គឺបង្កឡើងដោយកត្តា២យ៉ាង កត្តាខាងក្រៅ និងកត្តាខាងក្នុង។ ចំពោះកត្តាខាងក្រៅ ទី១៖ ពាក់ព័ន្ធនឹងមនោគមនយោបាយ, ទី២៖ ការប្រជែងក្នុងភូមិសាស្ត្រនយោបាយ, ទី៣៖ សេដ្ឋកិច្ចរបស់មហាអំណាច, ទី៤៖ ផ្នត់គំនិតសង្គ្រាមត្រជាក់ និងទី៥៖ សណ្តាប់ធ្នាប់ពិភពលោកទន់ខ្សោយ។
ចំណែកការបង្កឡើងកត្តាខាងក្នុងវិញគឺទី១៖ យុត្តិធម៌សង្គម តាមទិដ្ឋភាពច្បាប់នៃរដ្ឋដែលទទួលយកទាំងអស់គ្នា, ទី២៖ ពិនិត្យមើលលើគម្លាតសង្គម ត្រង់ចំណុចនេះ លោកបញ្ជាក់ថា អ្នករស់នៅក្នុងសង្គមមានទ្រព្យក៏មានចុះតែកុំបង្ហាញខ្លាំងពេកនាំឱ្យមានគម្លាតសង្គម, ទី៣៖ ប្រព័ន្ធដឹកនាំរដ្ឋទន់ខ្សោយ ពេលប្រព័ន្ធរដ្ឋខ្សោយ នឹងងាយទទួលពីឥទ្ធពលខាងក្រៅ ដូចនេះត្រូវពង្រឹងប្រព័ន្ធដឹកនាំរដ្ឋឱ្យខ្លាំងពោលគឺកាលណាប្រព័ន្ធរដ្ឋខ្លាំងត្រូវការធនធានមនុស្សដែលខ្លាំងដែរ, ទី៤៖ ពាក់ព័ន្ធនឹងការអប់រំ ត្រង់ចំណុចនេះប្រទេសដែលមានចំណេះដឹងទូលំទូលាយ ពលរដ្ឋមានចំណេះដឹង មិនងាយធ្លាក់ខ្លួនចូលបដិវត្តន៍ពណ៌ ក៏មិនងាយនឹងធ្លាក់ក្នុងការញុះញង់ដែរ និងទី៥៖ ការលូកលាន់ពីខាងក្រៅ ឬប្រទេសទន់ខ្សោយឱ្យប្រទេសមហាអំណាចលូកលាន់ខ្លួន។
ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា៖ «ទិដ្ឋភាពបដិវត្តន៍ពណ៌ទាំងនេះមិនអាចមិនពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់សង្គម ប្រជាធិបតេយ្យ និងសន្តិភាពនោះទេ។ បដិវត្តន៍ពណ៌នឹងអូសទាញឱ្យមានរបបផ្តាច់ការមកវិញ ព្រោះដើម្បីគ្រប់គ្រងប្រទេសដែលកំពុងច្របូកច្របល់ មិនអាចយករបបប្រជាធិបតេយ្យមកគ្រប់គ្រងបានទេ គឺត្រូវគ្រប់គ្រងដោយរបបផ្តាច់ការ»។
លោកបណ្ឌិត បានបន្តថា បើមើលពិនិត្យមើលក្នុងបញ្ញត្តិសព្ទធម្មតា បដិវត្តន៍ពណ៌និងសណ្តាប់ធ្នាប់ពិភពលោកហាក់មិនមានអ្វីពាក់ព័ន្ធគ្នាទាល់សោះ ដ្បិតបដិវត្តន៍ពណ៌វាហាក់ដូចជាហេតុការណ៍នយោបាយមួយដែលវាកើតឡើងក្នុងរង្វង់ព្រំដែននៃរដ្ឋមួយ ខណៈសណ្តាប់ធ្នាប់ពិភពលោកត្រូវបានរៀបចំឡើងហួសពីព្រំដែននៃរដ្ឋមួយ ដែលជះឥទ្ធិពលដល់ដំណើរប្រព្រឹត្តទៅនៃបណ្ដារដ្ឋនានាក្រោមប្រព័ន្ធអន្តរជាតិ។ ប៉ុន្តែ ក្នុងទិដ្ឋភាពនយោបាយវិញ បដិវត្តន៍ពណ៌ពិតជាមានពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់ពិភពលោក ដ្បិតវាមិនមែនជាហេតុការណ៍នយោបាយនឹងថ្កល់ដែលកើតឡើងក្នុងរង្វង់ព្រំដែននៃរដ្ឋមួយទេ តែអាចរងឥទ្ធិពលពីអន្តរាគមន៍ខាងក្រៅ ហើយវាអាច រីកសាយភាយទៅកាន់រដ្ឋដទៃ និងធ្វើឱ្យមានប្រែប្រួលដល់សណ្ដាប់ធ្នាប់ពិភពទាំងមូល ជាក់ស្តែងសណ្ដាប់ធ្នាប់ពិភពលោកក្រោយសម័យសង្គ្រាមត្រជាក់។
លោកបណ្ឌិត យង់ ពៅ បានបន្ថែមថា កាលណានិយាយដល់បដិវត្តន៍ពណ៌ គេត្រូវយកចិត្តទុកដាក់ដល់អធិបតេយ្យជាតិ និងគោលការណ៍ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនានា។ ចុះបើរដ្ឋបរទេសប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីបង្កាត់ភ្លើងបដិវត្តន៍ពណ៌នៅក្នុងប្រទេសដទៃ តើវានឹងប៉ះពាល់បែបណាចំពោះអធិបតេយ្យនៃរដ្ឋនោះ? រដ្ឋាភិបាលបរទេសខ្លះគេ ប្រើប្រាស់អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិដែលផ្តល់មូលនិធិ ការបណ្តុះបណ្តាល និងការគាំទ្រប្រព័ន្ធផ្សព្វផ្សាយដល់ចលនាតវ៉ា។ ទន្ទឹមនឹងនោះ គេប្រើប្រាស់សង្គ្រាមកូនកាត់តាមរយៈប្រតិបត្តិការសម្ងាត់ យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត និងការជ្រៀតជ្រែកតាមបណ្ដាញសង្គមដោយតួអង្គខាងក្រៅ។ ដោយឡែកផ្នែកសេដ្ឋកិច្ចវិញ គេដាក់ទណ្ឌកម្ម និងសម្ពាធផ្នែកហិរញ្ញវត្ថុ ដែលធ្វើឱ្យភាពងាយរងគ្រោះផ្ទៃក្នុងកាន់តែធ្ងន់ធ្ងរ។
«យើងក៏ត្រូវពិចារណាផងដែរនូវទិដ្ឋភាពផ្ទៃក្នុង ដូចជាភាពក្រីក្រ គម្លាតសង្គម អយុត្តិធម៌សង្គម អំពើហិង្សា ការិយាធិបតេយ្យ អំពើពុករលួយ អភិបាលកិច្ចទន់ខ្សោយ និងអំពើផ្តាច់ការ។ល។ ដែលកត្តាទាំងអស់នេះងាយត្រូវបានប្រើប្រាស់ដើម្បីសេណារីយោបដិវត្តន៍ពណ៌ណាស់។ ការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន វេទិកាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គម បង្កលក្ខណៈងាយស្រួលក្នុងការប្រមូលផ្តុំ និងបង្កើតនិងផ្សព្វផ្សាយព័ត៌មានមិនពិតផងដែរ។ នៅពេលប្រទេសជាតិមួយមានបញ្ហាដូចខាងលើ វាជាឱកាសរបស់ប្រទេសមួយចំនួន ពិសេសប្រទេសមហាអំណាចឆ្លៀតឱកាសជ្រៀតចូលក្នុងគោលបំណងទាញយកផលប្រយោជន៍នៃការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយ ដែលជាឧបសគ្គដល់ការកសាងសុខសន្តិភាពនិងការអភិវឌ្ឍសាកល»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត យង់ ពៅ៕