(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព»

ពិធីនេះស្ថិតក្រោមវត្តមាន លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គឹម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោក លោកស្រី ជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មន្រ្តីរាជការ រដ្ឋបាលក្រុងព្រះវិហារ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

ក្នុងនាមលោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក សុខ សាន្តតារ៉ា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ មន្ទីរបរិស្ថាន និងរដ្ឋបាលក្រុងព្រះវិហារ ដែលបានសហការគ្នារៀបចំ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៤ ដ៏មានសារៈសំខាន់នេះ ហើយក៏សូមថ្លែងអំណរគុណចំពោះសប្បុរសជន អង្គការដៃគូនានា និងវិស័យឯកជន ក្រុមហ៊ុន សហគ្រាស សិប្បករ អាជីវករ ធានាគារ មីក្រូហិរញ្ញវត្ថុ ដែលបានចូលរួមសហការឧបត្ថម្ភគាំទ្រ ថវិកា សម្ភារ ចូលរួមក្នុងពិធីនេះ។

លោក សុខ សាន្តតារ៉ា បានថ្លែងបញ្ជាក់ទៀតថា បរិស្ថានជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាការងារផ្តាច់មុខរបស់មន្ទីរបរិស្ថាននោះទេ ទាមទាឱ្យមានការចូលរួមទាំងអស់គ្នា។ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ«ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព»គឺចង់បង្ហាញនូវសារៈសំខាន់ នៃការចូលរួមពីយើងទាំងអស់គ្នាក្នុងការស្រឡាញ់ទឹកដី ស្រឡាញ់ធម្មជាតិ ក្នុងប្រទេសរបស់យើង និងចូលរួមថែរក្សាការពារទាំងអស់គ្នា ដើម្បីមាតុភូមិយើងស្អាត និងបៃតង។

លោក សុខ សាន្តតារ៉ា បានថ្លែងដោយក្តីសង្ឃឹមយ៉ាងមុតមាំថា ស្មារតីនៃទិវាអនាម័យបរិស្ថានជាតិនេះ នឹងស្ថិតនៅជាប់ជានិរន្តរ៍ជាមួយប្រជាជនគ្រប់រូប និងសូមឱ្យសកម្មភាពធ្វើអនាម័យបរិស្ថានស្ថិតនៅជាមួយយើងទាំងអស់គ្នា ជារៀងរាល់ថ្ងៃ និងត្រូវចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈចូលរួមធ្វើការសម្អាតអនាម័យបរិស្ថានតាមលំនៅដ្ឋាន, តាមទីសាធារណៈ, វត្តអារាម មន្ទីរពេទ្យ សាលារៀន ទីផ្សារ សួនកម្សាន្ត មណ្ឌលទសចរណ៍សហគមន៍ រដ្ឋបាលឃុំ សង្កាត់ជាដើម..។ល។ ដោយទុកដាក់សំរាមនៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ និងដាំដើមឈើរុក្ខជាតិផ្កាលម្អ ដើម្បីឱ្យមានភាពបៃតងស្រស់ប្រកបដោយផាសុកភាព ភាពស្រស់បំព្រង ស្របតាមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើងស្អាត និងបៃតង»៕