(ភ្នំពេញ)៖ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM)​ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤​ ដើម្បីជំរុញឱ្យការចុះបញ្ជីគម្រោងវិនិយោគនៅកម្ពុជាកាន់តែលឿន មានសុក្រិតភាព និងមានតម្លាភាព បន្ទាប់ពីប្រព័ន្ធនេះ បានដាក់ឱ្យដំណើរការសាកល្បង និងចុះបញ្ជីគម្រោងវិនិយោគ​ជិត ១០០គម្រោង។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ​ការដាក់ដំណើរនូវប្រព័ន្ធ cdcIPM នាពេលនេះ គឺស្របពេលដែលរាជរដ្ឋាភិបាលបាន និងកំពុងជំរុញវិស័យឌីជីថលនៅកម្ពុជា ឱ្យមានភាពងាយស្រួលក្នុងការទាក់ទាញវិនិយោគិន និងផ្តល់ព័ត៌មានទៅដល់វិនិយោគិន។

លោកបញ្ជាក់ថា ប្រព័ន្ធ cdcIPM នឹងផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគ ក្នុងការដាក់​ព័ត៌មានស្នើសុំការវិនិយោគ តាមដានដំណើរការនៃការស្នើសុំវិនិយោគគ្រប់ជំហាន។

លោក ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ប្រព័ន្ធ cdcIPM គឺជាប្រព័ន្ធបច្ចេកវិទ្យាឌីជីលថ្មីមួយ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានរៀបចំឡើង ដើម្បីផ្តល់លទ្ធភាពឱ្យវិនិយោគិន ដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា សម្រួលកិច្ចវិនិយោគ ឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព ព្រមទាំងចូលរួមកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។

លោកបន្ថែមថា ប្រព័ន្ធថ្មីនេះបានចូលរួមពន្លឿនការផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដោយប្តូរពីការធ្វើលើឯកសាររឹង ជាការធ្វើតាមប្រព័ន្ធឌីជីថលទាំងស្រុង កាត់បន្ថយតម្រូវការ នៃការជួបផ្ទាល់រវាងវិនិយោគិន និងអ្នកផ្តល់សេវា បង្កើនភាពងាយស្រួល និងធ្វើឱ្យបរិយាកាវិនិយោគនៅកម្ពុជាកាន់តែទទួលបានទំនុកចិត្តពីអ្នកវិនិយោគមួយកម្រិតថែមទៀត។

លោកបានលើកឡើងទៀតថា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាង១០ខែ ប្រព័ន្ធ cdcIPMត្រូវបានលេចរូបរាងឡើង និងបានដាក់ឱ្យប្រើប្រាស់សាកល្បងផ្ទៃក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់ពីដើខែសីហា ឆ្នាំ ២០២៤។ ក្នុងរយៈពេលប្រមាណជាង១ត្រីមាស នៃការប្រើប្រាស់សាកល្បង ក្រុមការងារផ្តល់សេវារបស់គណៈកម្មាធិការវិនិយោគកម្ពុជា បានដំណើរការចុះបញ្ជីគម្រោងវិនិយោគចំនួន៨២គម្រោង ក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលស្មើនឹងទំហំទុនវិនិយោគ ៧១៥លានដុល្លាសហរដ្ឋអាមេរិក ក្នុងនោះមាន៥១ គម្រោង ត្រូវបានអនុម័តតាមប្រព័ន្ធ cdcIPM ជាស្ថាពរជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

​អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានបង្ហាញការគាំទ្រ ចំពោះការដាក់ឱ្យដំណើរការនូវប្រព័ន្ធ cdcIPM ដែលបានផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគ ចុះបញ្ជីវិនិយោគបានលឿនរហ័ស និងអាចចុះបញ្ជីបានពីគ្រប់ទិសទី ជាពិសេសងាយស្រួលក្នុងការប្រមូលព័ត៌មានវិនិយោគផ្សេងៗ។ ជាមួយគ្នានេះ ប្រព័ន្ធឌីជីថលនេះ នឹងធ្វើឱ្យមានគម្លាតនៃការជួប ដោយផ្ទាល់រវាងអ្នកផ្តល់សេវា និងអ្នកចុះបញ្ចីវិនិយោគ ដែល​អាច​កាត់បន្ថយបាននូវភាពមិនប្រក្រតីផ្សេងៗដែលអាចកើតមានឡើង។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ប្រព័ន្ធ cdcIPM ជាប្រព័ន្ធដែលបានផ្តល់ភាពងាយស្រួល ដល់វិនិយោគិន ដើម្បីកុំឱ្យមានភាពស្មុគ្រស្មាញ និងជួយសម្របសម្រួលដល់វិនិយោគិន ក្នុងការដាក់ទុនវិនិយោគនៅកម្ពុជាបានកាន់តែងាយស្រួល និងមានទំនុកចិត្ត មកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ទន្ទឹមគ្នាក្នុងនាមវិស័យឯកជន ​លោកបានស្នើឱ្យថ្នាក់ដឹកនាំ ជំរុញដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ចូលរួមផ្តល់ភាពងាយស្រួលជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីធ្វើការតភ្ជាប់ប្រព័ន្ធគ្រប់គ្រងវិនិយោគកម្ពុជាទៅកាន់ប្រព័ន្ធនៃក្រសួងទាំងនោះ។

សូមជម្រាប​ថា ប្រព័ន្ធ cdcIPM នេះអាចអនុវត្តចុះបញ្ជីគម្រោងវិនិយោគបាន ក៏ព្រោះតែប្រព័ន្ធនេះ មានអនុលោមភាពជាមួយនឹងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្ត ច្បាប់វិនិយោគទាំងស្រុង​៕