(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯកបណ្ឌិត ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ បានចែករំលែកទស្សនៈខ្លះៗសម្រាប់នាយទាហានវ័យក្មេងបន្តវេនជំនាន់ក្រោយ, តើយើងម្នាក់ៗ ត្រូវហ្វឹកហ្វឺន អប់រំរៀនសូត្រឲ្យដល់កងទ័ពយ៉ាងដូចម៉្តេចខ្លះ ដើម្បីធានាឲ្យការប្រយុទ្ធទទួលបាន ជោគជ័យ?

លោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង បានថ្លែងថា ចំពោះមុខ ប្អូនៗត្រូវសិក្សាស្វែងយល់ និងបំពាក់ជាប់នូវសតិអារម្មណ៍ដឹកនាំបញ្ជា៣យ៉ាងឲ្យដល់កងទ័ពយើង នោះគឺ «ហ៊ានវ៉ៃ...ចេះវ៉ៃ...និងដឹងឈ្នះ...» ក្នុងនោះ៖

*ទី១៖ ហ៊ានវ៉ៃ (ដំបូងឲ្យពួកគេហ៊ានវ៉ៃសិន)។ លោកបានថ្លែងទៀតថា ដោយត្រូវធ្វើការអប់រំរៀនសូត្រកសាងប្តេជ្ញាចិត្តប្រយុទ្ធអោយកងទ័ពក្លាហានតស៊ូ ប្តូរផ្តាច់ ដាច់ខាតចំពោះខ្មាំងសត្រូវ ដោយហ៊ានលះបង់ ៣យ៉ាង «លះបង់មនោសញ្ចេតនា លះបង់សាច់ស្រស់ឈាមស្រស់ និងហ៊ានលះបង់អាយុជីវិត»

សួរថាតើនាយទាហាន និងកងទ័ពយើងធ្វើបានឬទេ?

*ទី២៖ ចេះវ៉ៃ (បើពួកគេហ៊ានវ៉ៃហើយ យើងត្រូវអោយពួកគេចេះវ៉ៃ)។ ទន្ទឹមនោះ ត្រូវហ្វឹកហាត់កងទ័ពឲ្យចេះដឹង និងប្រើប្រាស់ស្ទាត់ជំនាញនូវមហាបច្ចេកទេសទាំង៤ «បច្ចេកទេសកាំភ្លើង បច្ចេកទេសគ្រាប់បែកមីន បច្ចេកទេសលេនដ្ឋាន និងបច្ចេកទេសបុគ្គល» ព្រមទាំងឲ្យពួកគេចេះប្រើប្រាស់នូវរាល់រូបភាពយុទ្ធវិធីប្រយុទ្ធរាល់ល្បិចកលប្រយុទ្ធ និងចេះសហការប្រយុទ្ធបានល្អខ្ជាប់ខ្ជួន។ល។

*ទី៣៖ ដឹងឈ្នះ (បើពួកគេហ៊ានវ៉ៃ ចេះវ៉ៃហើយ យើងត្រូវឲ្យពួកគេដឹងឈ្នះ)។ នោះគឺត្រូវឲ្យកងទ័ព ដឹងយើង ដឹងសត្រូវ ដឹងភូមិសាស្ត្រ អាកាសធាតុ និងចេះប្រើប្រាស់វិធីសាស្ត្រវាយឲ្យបានសមស្រប១០០លើកវ៉ៃ ១០០លើកឈ្នះ...«ហ៊ានវ៉ៃ ចេះវៃ និងដឹងឈ្នះ»