(សៀមរាប)៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ បណ្ឌិត Peter Matthias Reuss ប្រធានផ្នែកសកម្មភាពមីនមនុស្សធម៌ នៃការិយាល័យការបរទេសសហព័ន្ធអាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីវិស័យសកម្មភាពមីន។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលជួយគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។ ជាមួយគ្នានោះ ប្រទេសអាល្លឺម៉ង់ បានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រដល់ដំណើរការដឹកនាំអនុសញ្ញាអូតាវ៉ាក្នុងភាពជាប្រធានរបស់កម្ពុជា រយៈពេល ១ឆ្នាំ រហូតទទួលបានជោគជ័យ។

ទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា វឌ្ឍនភាពនៃសកម្មភាពមីនបច្ចុប្បន្ននៅកម្ពុជា បានមកពីការរួមចំណែកពីរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានធ្វើឱ្យជីវិភាពរស់នៅរបស់ប្រជាជន និងសហគមន៍ មានការរីកចំរើនជាងមុន។

កម្ពុជានៅតែបន្តដោះស្រាយផលប៉ះពាល់ដែលនៅសេសសល់ រហូតដល់កម្ពុជាអាចសម្រេចនូវគោលដៅ កម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ជាមួយគ្នានោះលោក លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ង់ ដែលបន្តឈរជាមួយកម្ពុជា និងធ្វើជាដៃគូយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ប្រាប់ បណ្ឌិត Peter Matthias Reuss ថា ជាមួយនឹងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារគ្រាប់មីន កម្ពុជាបាននឹងកំពុងធ្វើការសិក្សាស្រាវជ្រាវបន្ថែមនូវចម្ការមីនតាមបណ្តោយព្រំដែនកម្ពុជា-កម្ពុជា ដែលតម្រូវកម្ពុជាត្រូវបន្តស្នើសុំពន្យាពេលបោសសម្អាតមីន។

លោកបណ្ឌិត Peter Matthias Reuss បានសម្តែងនូវការអបអរសាទរចំពោះភាពជាអ្នកដឹកនាំ និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ហើយប្រទេសអាល្លឺម៉ង់នៅតែបន្តគាំទ្រ និងភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជាក្នុងវិស័យសកម្មភាពមីននៅកម្ពុជា៕