(ឧត្តរមានជ័យ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនភ្លាមៗ ក្រោយបុរសរូបនោះប្រើប្រាស់អំពើហិង្សា ឈានដល់ការផុតបំផ្លាញផ្ទះខ្លួនឯងចោល បន្ទាប់ពីផឹកស្រាស្រវឹងជោគជាំបង្កជម្លោះជាមួយប្រពន្ធ។

លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ថា បុរសដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ អៀម សេងអេង អាយុ៤៥ឆ្នាំ មុខរបរកម្មករ ត្រូវជាប្តីចុង ស្ត្រីរងគ្រោះឈ្មោះ អី ណាត អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រែកណ្តាល ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

លោកអធិការស្រុកត្រពាំងប្រាសាទ បានថ្លែងឱ្យដឹងទៀតថា មុនពេលកើតហេតុ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក៏ដូចជាសព្វដង បុរសជាប្តីចុងរូបនេះតែងតែបានផឹកស្រាស្រវឹង ប្រើប្រាសអំពើហឹង្សាមកលើប្រពន្ធ និងបំផ្លាញទ្រព្យសម្បត្តិជានិច្ច។

ដោយឡែកម្តងនេះពេលស្រវឹងស្រារករឿងប្រពន្ធៗ ក៏នាំកូនតូចគេចចេញពីផ្ទះទៅផ្ទះបងប្អូន ឃើញដូច្នេះបុរសជាប្តីក៏កាន់តែផ្ទុះកំហឹងកាន់តែខ្លាំង បានចេញក្រៅទៅទិញប្រេងសាំងយកមកដុតផ្ទះបណ្តាលឱ្យឆេះខ្ទេច និងខូចខាតសម្ភារមួយចំនួនធំទៀតផង។

ដោយអនុវត្តតាមបញ្ជា និងការណែនាំដោយម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកបានចាត់កម្លាំងជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋឃុំត្រពាំងប្រាសាទ ចុះទៅអន្តរាមន៍ និងឃាត់ខ្លួនបុរសរូបនេះភ្លាមៗ។ បច្ចុប្បន្ននេះកម្លាំងជំនាញកំពុងសាកសួរបំភ្លឺ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត អនុវត្តនីតិវិធីបន្តចាត់ការតាមផ្លូវច្បាប់៕