(សៀមរាប)៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកស្រី Kabre Stella Eldine អនុរដ្ឋមន្រ្តីការបរទេសនៃប្រទេសប៊ួគីណាហ្វាសូ (Burkina Faso) ចូលជួបសម្តែងការគួរសម និងឈ្វេងយល់ពីវិស័យសកម្មភាពមីននៅកម្ពុជា។

ក្នុងជំនួបនោះ លោកស្រី Kabre Stella Eldine បានថ្លែងការគាំទ្រភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គររបស់កម្ពុជា ហើយលោកជំទាវ បានលើកឡើងអំពីអស្ថិរភាពនយោបាយ និងបញ្ហាផលប៉ះពាល់អវិជ្ជមានរបស់ប្រទេសប៊ួគីណាហ្វាសូ ដោយសារគ្រាប់មីនដែលតម្រូវឱ្យមានការដោះស្រាយ ផងដែរ។

លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណប្រទេសប៊ួគីណាហ្វាសូ ដែលចូលរួមថ្លែងនូវសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងបានលើកឡើងតម្រូវការក្នុងការដោះស្រាយបញ្ហាមីននៅក្នុងប្រទេសប៊ួគីណាហ្វាសូ។

ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី បានលើកឡើងអំពីបទពិសោធន៍របស់កម្ពុជា និងវឌ្ឍនភាពក្នុងការដោះស្រាយបញ្ហាមីន ដែលការងារបោសសម្អាតមីនអាចប្រព្រឹត្តិទៅបានលុះត្រាតែប្រទេសនោះទទួលបានសុខសុវត្ថិភាព និងស្ថិរភាពនយោបាយ។ ដូចករណីប្រទេសកម្ពុជា ប្រតិបត្តិករដោះមីនអាចចូលទៅដោះមីនបាននៅគ្រប់ទីកន្លែង ក្រោយទទួលបានសុខសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន៕