(បាត់ដំបង)៖ លោក សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួង រួមជាមួយលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាគណៈអធិបតី​ក្នុងបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

បន្ទាប់ពីបានដំណើរការរយៈពេលមួយថ្ងៃកន្លះ នៃវេទិកាថ្នាក់ខេត្តនេះ រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ អង្គការសង្គមស៊ីវិល សមាគមដៃគូរអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា បានចូលរួម​សន្ទនាគ្នាដើម្បីផ្ដល់​នូវព័ត៌មាន​ត្រឡប់ និងសម្ដែងនូវបញ្ហាប្រឈម សំណូមពរក្ដីកង្វល់ និងតម្រូវការចាំបាច់ជាអាទិភាពនានាសរុបចំនួន ៧៤ករណី ក្នុងនោះរដ្ឋបាលខេត្ត ទទួលបាននូវសំណួរ សំណូមពរ និងបញ្ហាប្រឈមពីថ្នាក់រដ្ឋបាលឃុំ សង្កាត់ បានសរុប១០ និងសំណួរ សំណូមពរ បញ្ហាប្រឈម ពីថ្នាក់រដ្ឋបាលក្រុង ស្រុក បានសរុបចំនួន១២ ព្រមទាំងមន្ទីរ អង្គភាពនិងរដ្ឋបាលខេត្តផ្ទាល់ មានសំណួរ សំណូមពរ បញ្ហាប្រឈមសរុបចំនួន៥២។

នាឱកាសនោះលោក សុខ លូ បានលើកឡើងថា ដើម្បីចូលរួមក្នុងវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ពិតជាមានសារៈសំខាន់ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីសុឆន្ទៈ មនសិការ និងស្មារតីទទួលខុសត្រូវ ក្នុងការចូលរួមចំណែកអនុវត្តនូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លា
សវៃ ប៉ិនប្រសព្វ និងប្រកបដោយគតិបណ្ឌិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ 

លោកបានបន្តថា វេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់ឆ្នាំ២០២៤នេះ បានបង្ហាញពីការយល់ដឹងស៊ីជម្រៅ អំពីដំណើរការនឹងសារៈសំខាន់នៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិរបស់រដ្ឋបាលឃុំ/សង្កាត់ ក្រុង/ស្រុក មន្ទីរ អង្គភាពនានាជុំវិញខេត្ត និងអង្គការសង្គមស៊ីវិល។ តាមរយៈការឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈមក្នុងការអនុវត្តមុខងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរដ្ឋបាលខេត្តទទួលបានរបាយការណ៍ ពីរដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ និងបញ្ហាប្រឈមដែលរដ្ឋបាលខេត្តជួបប្រទះកន្លងមក គឺមានចំនួន៧៤ករណី។

លោក សុខ លូ បានបន្ថែមថា វេទិកាថ្នាក់ខេត្ត ដែលបានប្រព្រឹត្តទៅរយៈពេលមួយថ្ងៃកន្លះ ពិតជាបានផ្ដល់ឱកាសដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ អង្គការសង្គមស៊ីវិល សមាគម ដៃគូរអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានាបានចូលរួមសន្ទនាគ្នា ដើម្បីផ្ដល់នូវព័ត៌មានត្រឡប់ និងសម្ដែងនូវបញ្ហាប្រឈម សំណូមពរ ក្ដីកង្វល់ និងតម្រូវការចាំបាច់ជាអាទិភាពនានា បាននឹងកំពុងជួបប្រទះក្នុងការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ ដែលនេះបានបង្ហាញយ៉ាងពិត ប្រាកដ ពីការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ រួមជាមួយឆន្ទៈពីគ្រប់តួអង្គ នៃរដ្ឋបាលថ្នាក់ក្រោមជាតិរបស់រដ្ឋបាលខេត្ត ក្នុងការអនុ
វត្តកំណែទម្រង់តាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា «គ្មានការធ្វើកំណែទម្រង់ណាមួយដែលងាយស្រួលនោះទេ»

នៅក្នុងវេទិកាថ្នាក់ខេត្តនេះដែរ លោក សុខ លូ ក៏បានធ្វើការសម្របសម្រួលឆ្លើយតបនូវបញ្ហាប្រឈមនិងសំណើក៏ដូចជា សំណូមពរដែលរដ្ឋបាលឃុំ/សង្កាត់ ក្រុង/ស្រុក មន្ទីរអង្គភាពនានា ជុំវិញខេត្ត និងអង្គការសង្គមស៊ីវិល បានលើកឡើងនៅក្នុងអង្គវេទិកាផងដែរ៕