(ភ្នំពេញ)៖ លោក Andreas Motzfeldt Kravik អនុរដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសន័រវែស ដែលអតីតជាមន្ដ្រីធ្លាប់បំពេញការងារពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៨ នៅក្នុងការិយាល័យសហព្រះរាជអាជ្ញាររបស់សាលាក្ដីខ្មែរក្រហម បានអញ្ជើញមកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីស្វែងយល់អំពីសមិទ្ធផលរបស់សាលាក្ដីខ្មែរក្រហម និងដំណើរការអនុវត្តមុខងារសេសសល់នៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.។

ទស្សនកិច្ចនេះទទួលបានការស្វាគមន៍ដោយ លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.។

នាឱកាសទស្សនកិច្ចនោះ លោក ក្រាញ់ តូនី បានសម្ដែងក្ដីរីករាយចំពោះការអញ្ជើញមកកាន់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. របស់លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសន័រវែស និងបានជម្រាបប្រតិភូអំពីសមិទ្ធផលដែលសម្រេចបានដោយជោគជ័យរបស់ អ.វ.ត.ក. ក្នុងការជំនុំជម្រះក្ដីលើអតីតមេដឹកនាំខ្មែរក្រហមអស់រយៈពេល ១៦ ឆ្នាំមកនេះ ដោយបានរួមចំណែកដល់ការរក្សាបានសន្ដិភាព ការផ្សះផ្សារផ្លូវចិត្តរបស់ជនរងគ្រោះ ការមិនមានការសងសឹកនិងចងគំនុំគ្នាក្នុងសង្គមជាតិ និងការបំបាត់បានវប្បធម៌និទណ្ឌភាពនៅកម្ពុជា។

លោក ក្រាញ់ តូនី ថ្លែងថា «យើងខ្ញុំពិតជាមានកិត្តិយសណាស់ចំពោះការអញ្ជើញមកដល់របស់លោកអនុរដ្ឋមន្ត្រី Andreas Motzfeldt Kravik មកកាន់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក.។ ទស្សនកិច្ចនេះពង្រឹងភាពជាដៃគូរបស់យើងបន្ថែមទៀត ហើយយើងសូមរគុណចំពោះការបន្តរួមចំណែករបស់ន័រវែសចំពោះភាពជោគជ័យរបស់ អ.វ.ត.ក. និងកសាងកេរ្តិ៍ដំណែលនៃយុត្តិធម៌»។ លោកបន្ថែមថា «ការអញ្ជើញមកនេះ លោកពិតជាបានឃើញច្បាស់ផងដែរ អំពីដំណើរការអនុវត្តមុខងារសេសសល់ដែល អ.វ.ត.ក.បាននឹងកំពុងអនុវត្ត ដែលរួមមានការរៀបចំទុកដាក់ថែរក្សាឯកសាររបស់តុលាការ និងការអប់រំផ្សព្វផ្សាយអំពីកេរដំណែលរបស់អង្គជំនុំជម្រះដល់យុវជនជំនាន់ក្រោយក្នុងគោលបំណងចូលរួមទប់ស្កាត់ការកើតឡើងវិញនូវអំពើឃោរឃៅក្នុងប្រទេសកម្ពុជា»

អនុរដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសន័រវែស បានសម្ដែងក្ដីរីករាយដែលបានអញ្ជើញមកដល់ស្ថាប័នដែលខ្លួនធ្លាប់បំពេញការងារ និងបានកោតសរសើរចំពោះការរៀបចំទីតាំងទុកកដាក់ និងផ្សព្វផ្សាយអំពីសមិទ្ធផលនៃការជំនុំជម្រះក្ដី។ លោកអនុរដ្ឋមន្ដ្រីបានលើកឡើងថា «ខ្ញុំសូមអរគុណណាស់ចំពោះការទទួលដ៏រាក់ទាក់នេះ ហើយខ្ញុំពិតជាមានក្ដីរំភើប នៅពេលបានមកដល់ទីនេះជាស្ថាប័នដែលខ្ញុំធ្លាប់មានអនុស្សារវីយ៍ផងដែរ។

ខ្ញុំពិតជាកោតសរសើរ ចំពោះការរៀបចំថែរក្សាសមទ្ធិផលនៃការជំនុំជម្រះក្ដីក្នុងរយៈពេល១៦ឆ្នាំមកនេះ ដើម្បីទុកដាក់សមិទ្ធផលទាំងនេះ ឱ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយសិក្សាស្វែងយល់ឱ្យបានច្បាស់អំពីប្រវត្តិសាស្ដ្រដ៏ជូរចត់របស់កម្ពុជា»

ប្រតិភូទាំងក៏បានអញ្ជើញទស្សនាបណ្ណាល័យ ឯកសារទទួលបានពីការជំនុំជម្រះក្ដីនៅក្នុងបណ្ណសារ រថយន្ដក្រុង អ.វ.ត.ក. ចល័ត ឯកសារផ្សព្វផ្សាយរបស់ អ.វ.ត.ក. និងយល់ដឹងពីរបៀបចូលទៅពិនិត្យមើលឯកសារឌីជីថលជាង ២.៤លានទំព័រ ក្នុងបណ្ណសារឌីជីថលរបស់ អ.វ.ត.ក.ផងដែរ។ សូមបញ្ជាក់ថា ប្រទេសន័រវេស គឺជាប្រទេសមួយដែលបានចូលរួមគាំទ្រយ៉ាងសកម្មក្នុងដំណើរការជំនុំជម្រះក្ដីនៅសាលាក្ដីខ្មែរក្រហម។ យោងតាមរបាយការណ៍ហិរញ្ញវត្ថុដែលចេញផ្សាយដោយសាលាក្ដីខ្មែរក្រហមចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ប្រទេសន័រវេសបានផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុសរុបជាង១០លានដុល្លារសហរដ្ឋអាមេរិកដល់ដំណើរការជំនុំជម្រះក្ដីនៅ អ.វ.ត.ក.៕