(សៀមរាប)៖ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មូលនិធិ Sany ប្រទេសចិន និង មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានរួមគ្នាចុះហត្ថលេខាលើអនុស្សារណៈស្តីពី «កិច្ចសហប្រតិបត្តិការអនុវត្តគម្រោងបោសសម្អាតមីននៅកម្ពុជា ផ្តល់អត្ថប្រយោជន៍សាធារណៈ» ដោយមូលនិធិ Sany ប្រទេសចិននឹងផ្តល់ Excavator ចំនួន១គ្រឿងដល់CMAC។
ក្នុងឱកាសដែលបានចូលរួម ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី «ពិភពលោកគ្មានមីន» លោកស្រី Song Ximei នាយកប្រតិបត្តិមូលនិធិ Sany ប្រទេសចិនបានថ្លែងថា ចាប់ពីឆ្នាំ២០១៨មក មូលនិធិ Sany ប្រទេសចិន និង មូលនិធិ Beijing Peaceland ប្រទេសចិន បានរួមកម្លាំងគ្នាក្នុងការរួមចំណែក ជាមួយអង្គពាក់ព័ន្ធនានាដើម្បីបោសសម្អាតមីន ហើយចាប់ពីឆ្នាំ២០២៣មក ក្រោមកិច្ចសម្របសម្រួលពី មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) មូលនិធិទាំង២បានចូលរួម នៅក្នុងការផ្តល់សម្ភារៈ និងអាហារដល់កងកម្លាំងរបស់ CMAC ដែលបាននិងកំពុងបំពេញការងារ នៅក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។ ដោយមានកិច្ចសម្របសម្រួល ពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន លោកស្រីបានគូសរំលេចពីការត្រៀមខ្លួនរួចជាស្រេច របស់មូលនិធិចិនទាំង២ ក្នុងកិច្ចសហការជាមួយ CMACលើការរួមចំណែកសរសេរទំព័រថ្មីនៃកិច្ចកសាង សហគមន៍ជោគវាសនារួមកម្ពុជា-ចិន។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកCMAC បានថ្លែងនូវការកោតសរសើរដល់មូលនិធិ Sany ប្រទេសចិន និងមូលនិធិ Beijing Peaceland រួមជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលតែងបានផ្តល់កិច្ចសហការល្អជាមួយ CMAC ដើម្បីរួមចំណែកឈានទៅសម្រេចបាន នូវការកំចាត់គ្រាប់មីនអស់ពីទឹកដីកម្ពុជា។ តាមរយៈអនុស្សារណៈដោយរំលេចពីការទទួលអំណោយExcavatorចំនួន១គ្រឿង CMAC នឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការប្រើប្រាស់ ឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់ជួយផ្តល់ ផលប្រយោជន៍ដល់ប្រជាជនក្រោយពីទទួលបាន ដីពីការបោសសម្អាតមីន។
លោក Lu Qizhi អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាបបានសាទរនឹងសមិទ្ធផលថ្មី បន្ថែមទៀតរបស់មូលនិធិទាំង២ របស់ប្រទេសចិនដែលតែងបានសហការជាមួយ CMAC ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីនទាំងស្រុងចេញពីទឹកដីកម្ពុជា។ បន្ថែមពីលើនេះ លោកក៏បានសាទរនឹងលទ្ធផលផ្លែផ្កា ដែលបានកើតចេញពី កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយមានការអញ្ជើញចូលរួមដោយ គណៈប្រតិភូសរុបប្រមាណ៧០០នាក់មកពីប្រទេស និងអង្គការដៃគូពាក់ព័ន្ធអនុសញ្ញាអូតាវ៉ា ជាង១៥០៕
វិទ្យុមិត្តភាពកម្ពុជាចិន