(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជាគ្រោងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅបរិវេណសួនច្បារមុខព្រះបរមរាជវាំងគឺព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលកម្មវិធីនេះនឹងត្រូវធ្វើឡើងនាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ចំថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ហើយព្រឹត្តិការណ៍នេះ ក៏ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកលផងដែរ។

ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍នេះ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួបពិភាក្សាការងារជាមួយលោក សំហេង បុរស តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» និងក្រុមការងារ សហភាពសហព័ន្ធ យុវជនកម្ពុជា នៅសាលារាជធានីភ្នំពេញ ដើម្បីឱ្យគម្រោងរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ប្រព្រឹត្តទៅដោយរលូន សប្បាយរីករាយ និងជោគជ័យ។

«សាទរកម្ពុជា»«Celebrating Cambodia» ជាព្រឹត្តិការណ៍ នៃការអបអរសាទរដល់សង្គមមួយ ដែលប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាព នៃអត្តសញ្ញាណ ដោយសមានចិត្តសោមនស្ស ចំពោះអ្វីៗដែលបានឆ្លងកាត់ និងបានជម្នះ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិតែមួយ។

ក្នុងឱកាសនោះលោក សំហេង បុរស បានលើកឡើងថា ព្រឹត្តិការណ៍នេះ ជាវេទិកាសម្រាប់ទាំងអស់គ្នា សាទរអត្តសញ្ញាណរួមគ្នា ប្រកបដោយមោទនភាព ក្រោមទង់នៃប្រជាជាតិតែមួយ។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក៏ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នាំថ្មី២០២៥ បង្ហាញពីការអភិវឌ្ឍរីកចំរើនរបស់កម្ពុជា និងការគាំទ្រផ្តល់ស្នាមញញឹមពីប្រជាពលរដ្ឋកម្ពុជា។

លោក សំហេង បុរស បន្តថា ក្នុងឱកាសនោះ ក៏បានសម្តែងនូវការអរគុណ ចំពោះការគាំទ្រ និងការសម្របសម្រួល សហការគ្រប់បែបយ៉ាងពីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង។ ការរៀបចំព្រឹត្តិការណ៍នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមសម្របសម្រួល ចំនួន២៣ចំណុច ដែលមានទាំងការសុំទីតាំង រៀបចំតុបតែង ដំឡើងឆាកសម្តែង ការសម្រួលចរាចរនិងការបង្ហោះដ្រូនជាដើម។

ជុំវិញការស្នើសុំទាំង២៣ចំណុចនេះ លោក ឃួង ស្រេង បានឯកភាពដោយស្នើឱ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ សហការគ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា អនុវត្តព្រឹត្តិការណ៍នេះ ឱ្យទទួលបានជោគជ័យ ជាមួយនិងការគិតគូរពីការរក្សាសន្តិសុខ សុវត្ថិភាពអោយបានល្អប្រសើរទៀតផង។

ចំពោះ ព្រឹត្តិការណ៍ «សាទរកម្ពុជា» នឹងរៀបចំឡើងដោយមានជាក្បួនដង្ហែសាទរកម្ពុជា មានមនុស្សចូលរួមប្រមាណ៣០០០នាក់ ដែលមានតួយក្សចូលរួម ២០០យក្ស។ ការដង្ហែទង់ជាតិ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយច្រៀង «បទនគររាជ» ទាំង៣វគ្គ។ មានសុន្ទរកថា របស់ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី។ ការសម្តែងរបាំជូនពរ។ ការសម្តែងរបាំសហសម័យ «សាទរកម្ពុជា»។ ការសម្តែងសិល្បៈទស្សនីយភាពចម្រុះ និងចុងក្រោយ គឺការរាប់ថយក្រោយឆ្លងឆ្នាំសកល ជាមួយទស្សនីយភាពកាំជ្រួច៕