(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានអំពាវនាវដល់នាយកក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងគ្រឹះស្ថាននានា ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល, ប្រកាសរបស់ក្រសួងមហាផ្ទៃ និងសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីពង្រឹងប្រសិទ្ធភាព និងគុណភាពនៃការផ្ដល់សេវារបស់ខ្លួន។
ការអំពាវនាវរបស់លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦៧។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានជំរុញដល់នាយកក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងគ្រឹះស្ថាននានា បន្តចូលរួមគាំទ្រវគ្គបណ្តុះបណ្តាល ដោយបញ្ជូនភ្នាក់ងារសន្តិសុខឯកជនមកចូលរួមវគ្គសិក្សា ក្នុងវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន ដែលរៀបចំដោយនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន។ ដោយឡែក នាយកដា្ឋនក៏ត្រូវបន្តយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញ ភ្នាក់ងារសន្តិសុខឯកជន ជាបន្តបន្ទាប់ទៀតផងដែរ។
ចំពោះភ្នាក់ងារសន្តិសុខឯកជនទាំងអស់ដែលឆ្លងកាត់វគ្គបំប៉នជំនាញនេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានណែនាំឲ្យយកចំណេះដឹងដែលទទួលទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន។ លើសពីនេះ ត្រូវមានឥរិយាបថ
សមរម្យក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាការត្រឹមត្រូវក្រោយទទួលការបណ្តុះបណ្តាល គោរពឲ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន ពោលត្រូវមានវិន័យ, ក្រមសីលធម៌, ប្រើប្រាស់ឯកសណ្ឋានសន្តិសុខឯកជន និងសម្ភារបំពាក់ឲ្យបានគ្រប់គ្រាន់។
បន្ថែមពីនេះ ត្រូវបង្កើតកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅមូលដ្ឋាន ជាពលរដ្ឋល្អ និងមហាជនល្អ, ជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច, សហការបានល្អ ឆ្លើយតបបានទាន់ពេលវេលា។ នៅពេលខ្លួនបានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាម ដល់អាជ្ញាធរ មានសមត្ថកិច្ច ឬមកនាយកដ្ឋានផ្ទាល់ តាមរយៈលេខទូរស័ព្ទ ឬដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសបានទាន់ពេលវេលា ដើម្បីបន្ដរួមគ្នាចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា បច្ចុប្បន្ននេះការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សរុប៦៧លើក ដែលមានសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជន ចំនួន១១,២៨៩នាក់ (ស្រី២៤៣នាក់) និងសិក្ខាកាមជានគរបាលជាតិ ចំនួន២៦៨នាក់ (ស្រី២៧នាក់)។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបន្ថែមទៀតថា កិច្ចការបើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាពដើម្បីក្លាយខ្លួន ជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយ ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ឲ្យបានល្អប្រសើរ។
លោកបានអះអាងថា ភ្នាក់ងារសន្តិសុខឯកជន ដែលបានឆ្លងវគ្គបំប៉នជំនាញកន្លងមកនេះ ធ្វើឲ្យមានវិជ្ជាជីវៈច្បាស់លាស់ មានក្រមសីលធម៌ល្អ អប្បកិរិយាល្អ មានកិច្ចសហការល្អ និងចេះដឹងផ្នែកច្បាប់មួយចំនួន ធ្វើឲ្យវិស័យសន្តិសុខឯកជននេះ មានការគាំពារ ប្រកបដោយគុណភាព និងនិរន្តភាព៕