(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហ​ប្រតិ​បត្តិការអន្តរជាតិ និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត​ចិនប្រចាំកម្ពុជា បានសម្តែងការពេញចិត្តចំពោះស្ថានភាពបច្ចុប្បន្ន​នៃទំនាក់ទំនង​ទ្វេភាគី​ដ៏យូរអង្វែង និងពហុសណ្ឋានរវាងប្រទេសទាំងពីរ។

ការបង្ហាញនូវការពេញចិត្តចំពោះស្ថានភាពនៃទំនាក់ទំនងរវាងកម្ពុជា-ចិន ពីសំណាក់អ្នកការទូតដ៏ចំណានទាំងពីររូប បានស្តែងឡើងក្នុងជំនួបសម្ដែង​ការ​គួរសមនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។

នៅក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតចិន បានពាំនាំនូវការអបអរសាទរ​យ៉ាងកក់​ក្ដៅរ​បស់លោក វ៉ាង យី សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន ប្រធាន​ការិយាល័យគណៈកម្មការកិច្ចការបរទេស និងជារដ្ឋមន្ត្រីការបរទេសរបស់​ចិន ជូនលោកឧបនាយករដ្ឋមន្តី ប្រាក់ សុខុន ដែលត្រូវបានតែងតាំងជាថ្មី ជារដ្ឋ​មន្ត្រី​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីសេចក្តីរីករាយឥតឧបមា និងការត្រៀម​បន្ត​ទំនាក់ទំនងការងារដ៏ជិតស្និទ្ធជាថ្មីឡើងវិញរបស់លោក វ៉ាង យី ជាមួយលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណភាគីចិន ចំពោះការផ្ដល់ការត្រួត​ពិនិត្យ​ដ៏ពិសេស ដល់ព្រះរាជសុខភាពរបស់ព្រះករុណាព្រះមហាក្សត្រ និង សម្ដេច​ម៉ែ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅថ្វាយចំពោះអង្គព្រះមហាក្សត្រ និង សម្តេចម៉ែ ដែលជានិម្មិតរូបបង្ហាញពីការជឿទុកចិត្តយ៉ាងជ្រាលជ្រៅ និងចំណងមិត្តភាពដ៏រឹង​មាំរវាងកម្ពុជា និងចិន។

លោកឧបនាយករដ្ឋមន្ត្រី បានពិភាក្សាជាមួយលោកឯកអគ្គរដ្ឋទូតចិន អំពី​ការៀបចំ​ដំណើរទស្សនកិច្ចផ្លូវការនាពេលខាងមុខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាទៅកាន់​ប្រទេសចិន ដោយ​បានគូសបញ្ជាក់ពីតម្លៃនៃដំណើរទស្សនកិច្ចនេះ ក្នុងការពង្រឹងបន្ថែមភាពជា​ដៃ​គូយុទ្ធិសាស្ត គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ សំដៅទៅឆ្ពោះទៅកាន់អនាគតរួមគ្នាដើម្បីសន្តិភាព វិបុលភាព និងការ​អភិវឌ្ឍ។ ការរៀបចំដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់ប្រទេសចិន ក៏ត្រូវបានពិភាក្សាផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូតបានអះអាងពីការប្ដេជ្ញាចិត្ត​ក្នុង​ការអនុវត្តឱ្យបានជោគជ័យនូវកុងសង់ស៊ុស និងការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ ដើម្បីជំរុញគម្រោងសំខាន់ៗដូចជា ច្រករបៀង និងស្រូវ ច្រករបៀង​អភិវឌ្ឍន៍ឧស្សាហកម្ម គម្រោង អភិវឌ្ឍន៍កសិកម្មទំនើប និងគម្រោងថាមពល​ចម្រុះ ក៏ដូចជាការលើកកម្ពស់ការកសាងសហគមន៍ កម្ពុជា-ចិន ប្រកបដោយគុណ​ភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងការកសាងអនាគតរួមគ្ន នៅយុគសម័យ​ថ្មី ដោយចាត់ទុកជាគំរូសម្រាប់មនុស្សជាតិ។

លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាង​សំខាន់​របស់ប្រទេសចិន ដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ កសិកម្ម ថាមពល និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ។

លោកឯកអគ្គរដ្ឋទូត បានរំលឹកឡើងវិញ នូវការគាំទ្រឥតងាកររបស់ចិនសម្រាប់ការ​អភិវឌ្ឍរបស់កម្ពុជា រួមទាំងគម្រោងព្រែកជីកហ្វូណនតេជោ និងការប្តេជ្ញាចិត្តរបស់​ចិនក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគទ្វភាគី។

លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត បានសម្តែងការសាទរចំពោះការ កំណត់​​យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន។ ភាគីទាំងពីរ​បានពិភាក្សា​អំពីសារៈ​សំខាន់ន ការបង្កើនជើងហោះហើរត្រង់ និងការកែលម្អហេដ្ឋារចនា​សម្ព័ន្ធ​ទេសចរណ៍ ដើម្បីស្ដារឡើងវិញនូវ ចំនួនភ្ញៀវទេសចរចិនមកកំសាន្តនៅកម្ពុជា​ឱ្យដូចមុនមានជំងឺរាតត្បាតកូវីដ-១៩។

ទន្ទឹមនឹងការ​ផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជា​ផល​ប្រយោជន៍រួម លោកឧបនាយករដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់លើការ​គាំទ្រ​គ្នាទៅវិញទៅមក នៅក្នុងវេទិកាអន្តរជាតិ និងបានអះអាងជាថ្មីពីការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការលើកកម្ពស់ សន្តិភាព ស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ។ ភាគីទាំងពីរ​គូសបញ្ជាក់ថែមទៀតពីសារៈសំខាន់នៃការសន្ទនា និងកិច្ចសហប្រតិបត្តិ​ការ​ដើម្បី​ដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក៕