(ភ្នំពេញ)៖ បន្ទាប់វិលត្រឡប់មកកាន់សរភូមិចាស់ក្រោយឃ្លាតឆ្ងាយជាងមួយឆ្នាំ នៅ​ថ្ងៃស្អែកនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការ​បរទេស​កម្ពុជា នឹងផ្តើមដំណើរទស្សនកិច្ចដំបូងទៅកាន់ប្រទេសចិន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា
លោកឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្ស​ន​កិច្ច​នៅចិន ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ តបតាមការ​អញ្ជើញ​របស់ភាគីចិន។

ក្នុងឱកាសទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគី​ដាច់​ដោយឡែកពីគ្នា ជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងលោក លីវ ជានឆា រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន។ លោក ឧប​នាយករដ្ឋមន្ត្រី ក៏គ្រោងមានជំនួបជាមួយឥស្សរជនចិនផ្សេងទៀតផងដែរ។

ស្របពេលដែលឆ្នាំ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន​កម្ពុជា​-ចិន ដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិន មាន​គោលបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែក​ថែប​រវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អ្នកការទូតដ៏ចំណានរបស់​កម្ពុជា ទទួលបានការទុកចិត្តពីសម្តេចតេជោ ហ៊ុន សែន ឱ្យកាន់តំណែងជារដ្ឋមន្ត្រី​កា​រ​បរទេសកម្ពុជានៅឆ្នាំ២០១៦។ បន្ទាប់ពីបំពេញការងារប្រកបដោយភាពលេច​ធ្លោររយៈពេលប្រមាណជា៧ឆ្នាំ នៅក្នុងរាជរដ្ឋាភិបាលនីតិកាលថ្មី លោក ប្រាក់ សុខុន ក៏ត្រូវបានប្តូរចេញពីក្រសួងការបរទេស ហើយទទួលបានតំណែងជាអនុប្រធានទី១ នៃព្រឹទ្ធសភាកម្ពុជា។

បន្ទាប់ពីចាកចេញពីក្រសួងការបរទេសកម្ពុជារយៈពេលជាងមួយឆ្នាំ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប្រាក់ សុខុន មានអតីតភាពជាអ្នកសារព័ត៌មាន ក៏​ទទួល​បានការទុកចិត្តពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា និងទទួលការគាំទ្រពីសមាជិករដ្ឋសភា បោះឆ្នោតឱ្យរូបលោក​វិលចូលសមរភូមិចាស់វិញ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា៕