(សៀមរាប)៖ លោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម ខេត្តសៀមរាប បានលើកឡើងថា គម្រោងផលិតជីកំប៉ុសជន្លេន និងបរិក្ខារនឹងជួយលើកកម្ពស់វិស័យបរិស្ថាន អនាម័យ នៅក្នុងស្រុកកាន់តែមានភាពល្អប្រសើរឡើង ជាពិសេស ជួយឲ្យប្រជាពលរដ្ឋអាចផលិតនូវផលិតផលកសិកម្ម ដែលមានសុវត្ថិភាព។

ការលើកឡើងយ៉ាងដូច្នេះរបស់លោក គិម វណ្ណៈ នៅក្នុងពិធីសម្ពោធរោងកែច្នៃជីកំប៉ុសជន្លេន របស់សហគម៍ប្រជាពលរដ្ឋ នៅក្នុងភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលគាំទ្រដោយអង្គការហ្រេ្គតកម្ពុជា ដោយមានការចូលរួមពីលោកស្រី ង៉ិន មុំ ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី កែវ សុជាតា តំណាងអង្គការហ្គ្រេត (Gret) ប្រចាំប្រទេសកម្ពុជា ព្រមទាំងលោក លោកស្រី តំណាងមន្ទីរបរិស្ថានខេត្ត អាជ្ញាធរមូលដ្ឋាន តំណាងសាលារៀន ក្រុមការងារ IGIZ-ISD វិស័យឯកជន សហគមន៍កសិកម្មចម្ការ សុវត្ថិភាពធម្មជាតិ Ecofarm ម្ចាស់ផ្សារ និងអាជីវករផ្សារដំដែក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោកបន្តថា ការបើកដំណើរការនូវទីតាំងផលិតជីកំប៉ុសនេះ ជាសកម្មភាពចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ និងលើកកម្ពស់វិស័យកសិកម្ម បរិស្ថាន ហើយដំណើរការនេះក៏នឹងឲ្យសហគមន៍ទទួលបានជីសរីរាង្គ ដែលមានគុណភាព តម្លៃសមរម្យសម្រាប់សហគមន៍កសិកម្ម និងសុខុមាលភាពសង្គមផងដែរ។ បន្ថែមពីនេះលោកអភិបាលស្រុកយល់ថា ទីតាំងផលិតជីកំប៉ុសជន្លេននេះ ក៏ជាសាលារៀនផ្តល់បទពិសោធន៍ដល់សហគមន៍ និស្សិត បានមករៀនសូត្រនាពេលអនាគតផងដែរ។

លោក គិម វណ្ណៈ បន្ថែមថា ថ្ងៃនេះជាការចាប់ផ្តើមដំណើរការជាផ្លូវការ ប៉ុន្តែរោងផលិតជីនេះ បានប្រមូលសំរាម ដែលស្អុយរលួយនានាពីផ្សារដំដែក យកមកផលិតជាជីកំប៉ុសបានមួយចំនួនធំរួចមកហើយ។ ដូច្នេះ នាពេលអនាគតទីតាំងនេះ ក៏នឹងដើរតួយ៉ាងសំខាន់ក្នុងការជួយដល់បរិស្ថាន អនាម័យក្នុងស្រុកសូទ្រនិគមទាំងមូល តាមរយៈការកែច្នៃសំរាម ធ្វើជាជីកំប៉ុសនេះ។ រោងជីកំប៉ុសជន្លេននេះ ត្រូវបានបង្កើតមុនគេនៅក្នុងខេត្តសៀមរាប នៅដើមឆ្នាំ២០២៤ ដោយមានប្រជាពលរដ្ឋចូលរួមជាសមាជិកប្រមាណជា៥០នាក់ ក្រោមការជួយឧបត្ថម្ភគាំទ្រពីអង្គការហ្គ្រេត (Gret)។

លោកស្រី កែវ សុជាតា បានឲ្យដឹងថា បច្ចុប្បន្នអង្គការហ្រ្គេត បាននិងកំពុងអនុវត្តនូវ គម្រោង SMART សៀមរាប ឬការគ្រប់គ្រងសំរាម កាកសំណល់រឹងទីប្រជុំជនប្រកបដោយនិរន្តរភាព និងប្រព័ន្ធ កសិកម្មអេកូឡូស៊ី ដើម្បីភាពធន់ និងឆ្ពោះទៅកាន់ក្រុងបៃតងក្នុងខេត្តសៀមរាប ដែលបានចាប់ផ្តើមនៅចុងក្នុង ឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ននេះ។

លោកស្រី បន្តថា គម្រោងនេះធ្វើឡើង ក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធិភាពនៃឧបករណ៍ផ្សព្វផ្សាយពីការប្រមូលសំរាម និងអេកូឡូស៊ី ដែលវាត្រូវបានរចនាសាកល្បង និងប្រើប្រាស់ដោយរដ្ឋបាលស្រុក និងប្រតិបត្តិករ ចំពោះគុណភាពជីកំប៉ុសត្រូវបានបញ្ជាក់តាមរយៈការធ្វើតេស្តនៅមន្ទីរពិសោធន៍ និងការអនុវត្តជាក់ស្តែង។ នៅចុងបញ្ចប់នៃគម្រោង ប្រតិបត្តិករអាចលក់យ៉ាងហោចណាស់ ៧០ភាគរយនៃជីកំប៉ុស ដែលបានផលិតផងដែរ។

លោកស្រី កែវ សុជាតា បានបន្តថា តាមរយៈការអនុវត្តកន្លងមក កិច្ចការងារទាំងអស់នេះ អាចទទួលបានជោគជ័យបាន ក៏ដោយសារមានការសហការ និងគាំទ្រពីស្ថាប័នរដ្ឋ ដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជន ដូចជា៖ រដ្ឋបាលស្រុកសូទ្រនិគម កម្មវិធី ISD របស់កិច្ចសហប្រតិបត្តិការ អន្តរជាតិអាល្លឺម៉ងGIZ វិស័យឯកជន សហគមន៏ចំការសុវត្ថិភាព Ecofarm និងប្រធានផ្សារដំដែកផងដែរ។

ជាមួយនេះដែរ អ្នកស្រី ធឿន សាវង់ និងតំណាងប្រជាសហគមន៍ ព្រមទាំងកសិករ បានឲ្យដឹងថា បន្ទាប់ពីការអនុវត្តសាកល្បងបានដោយជោគជ័យ គម្រោងរបស់សហគមន៍មួយនេះ នឹងជួយលើផ្នែកបរិស្ថាន អនាម័យ និងសុខមាលភាព តាមរយៈការប្រមូលសំរាម ដែលស្អុយរលួយមកធ្វើជាចំណីសត្វជន្លេន។ ចំពោះលាមករបស់សត្វជន្លេន ក៏នឹងក្លាយជាជីកំប៉ុសសម្រាប់ជួយដល់ដំណាំរបស់ប្រជាកសិករ ទទួលបានទិន្នផលល្អ និងមានសុវត្ថិភាព។

តំណាងសហគមន៍ ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សូមជួយគាំទ្រ និងជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបន្ថែមទៀត អំពីការទុកដាក់សំរាម ដោយធ្វើការញែកសំរាមប្លាស្ទិក និងសំរាមស្អុយរលួយចេញពីគ្នាផងដែរ៕