(ស្ទឹងត្រែង)៖ ប្រជាពលរដ្ឋ យុវជនជាសិស្សានុសិស្សប្រមាណជា៣០០នាក់ បានចូលរួមកម្មវិធីយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី បានប្រារព្វឡើងនៅស្រុកសៀមបូក ក្រោមប្រធានបទ រួមគ្នាបញ្ឈប់អំពើហិង្សាលើស្រី្ត ដើម្បីវឌ្ឍនភាពសង្គមនិងពិភពលោក។
ដោយការផ្តួចផ្តើមរបស់ក្រសួងកិច្ចការនារី និងរៀបចំដោយមន្ទីរកិច្ចការនារី និងមានការគាំទ្រពីអង្គការភ្លេនកម្ពុជា និងអង្គការ ADRA បានដំណើរការនៅស្រុកសៀមបូកនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្ត លោក កែវ ប៊ុនរឿន ប្រធានក្រុមប្រឹក្សាស្រុក លោក សួង ហ៊ី អភិបាលស្រុកសៀមបូក។
លោក សួង ហ៊ី បានថ្លែងថា យុទ្ធនាការ១៦ថ្ងៃ គឺជាសកម្មភាព និងវេទិកាដ៏មានប្រសិទ្ធភាពមួយក្នុងការចូលរួមផ្សព្វផ្សាយ និងចូលរួមទប់ស្កាត់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ដែលកើតមានឡើង ក្នុងស្ថានភាពជាក់ស្តែង តាមរយៈការផ្តល់សារគន្លឹះៗ ការផ្តល់ព័ត៌មានសំខាន់ៗទាក់ទងនឹងផលប៉ះពាល់នៃអំពើហិង្សាទៅដល់សាធារណជនទូទៅ ផ្សព្វផ្សាយដល់សហគមន៍ ដើម្បីឱ្យប្រជាពលរដ្ឋមានការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមាន ឬផ្នត់គំនិតដែលតែងបន្ទោសទៅលើស្រ្តី និងក្មេងស្រី ។
ប្អូនៗជាសិស្សានុសិស្ស បានឡើងប្តេជ្ញាចិត្ត បន្ដឆន្ទៈចូលរួមគ្រប់សកម្មភាពនានា ដែលលើកស្ទួយសិទ្ធិក្មេងស្រី និងសមភាពយេនឌ័រប្រឆាំងរាល់អំពើហិង្សាគ្រប់ទម្រង់ដើម្បីបញ្ឈប់អំពើហិង្សាស្ត្រីនិងក្មេងស្រីនៅក្នុងប្រទេសកម្ពុជា។
ប្អូនៗប្ដេជ្ញាប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាភាពជាគំរូដល់កុមារី និងស្រ្តីវ័យក្មេងដទៃទៀតក្នុងសហគមន៍ ចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមរបស់កុមារ និងយុវជននៅក្នុងសហគមន៍។
លោកស្រី សន សុខា បានថ្លែងថា យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗគឺបង្កើន និងលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រពីអ្នកពាក់ព័ន្ធទាំងអស់ រួមទាំង ផ្នែកសាសនា សិល្បៈ វិស័យឯកជន។ លើកកម្ពស់ឥរិយាបថវិជ្ជមានរបស់សាធារណជន និងអ្នកផ្តល់សេវាចំពោះជនរងគ្រោះ ជនងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ កៀរគរការគាំទ្រទាំងបច្ចេកទេស និងថវិកាពីក្រសួងស្ថាប័ន អង្គការដៃគូ អង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីរួមគ្នាពន្លឿនការអនុវត្តសកម្មភាព និងអនុវត្តច្បាប់ជាតិ អន្តរជាតិ ព្រមទាំងផែនការសកម្មភាពជាតិ ដើម្បីបញ្ចប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី។
លោកស្រីប្រធានមន្ទីរបន្តថា ក្រសួងកិច្ចការនារីបានធ្វើកិច្ចការនេះជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ក្រោមជាតិ អង្គការដៃគូជាតិ អន្តរជាតិនានា ដោយបានរៀបចំយុទ្ធនាការ១៦ថ្ងៃឡើងជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តីនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ បានបញ្ជាក់អំពីការលើកកម្ពស់ការឆ្លើយតបប្រកប ដោយបរិយាបន្ននិងសមធម៌ ដល់ស្រ្តីនិងក្មេងស្រីដែលស្ថិតនៅក្នុងក្រុមជនងាយរងគ្រោះនៅក្នុងសង្គម ជាកិច្ច ការអន្តរវិស័យរបស់ក្រសួង និងអង្គភាពចំណុះដែលជំរុញឱ្យបញ្ជ្រាប និងមានចាត់វិធានការឆ្លើយតបជាក់លាក់នៅតាមអង្គភាព និងយុទ្ធសាស្រ្តនីមួយៗ ព្រមទាំងលើកទឹចិត្ត គិតគូរ និងជំរុញឱ្យមានវិធាន ការប្រកបដោយសមធម៌ នៅក្នុងការអនុវត្តសកម្មភាពប្រចាំថ្ងៃរបស់ក្រសួង។ ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី៕