(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា កិច្ចការក្នុងវិស័យសុខាភិបាលនឹងទទួលបានជោគជ័យដរាបណាអ្នកដឹកនាំគ្រប់ឋានុក្រមក្នុងវិស័យនេះ មានលក្ខណៈសម្បត្តិជាមេដឹកនាំដែលរឹងមាំ លះបង់ ច្បាស់លាល់ និងដើរតួរជាបង្អែកឱ្យបុគ្គលិកនិងក្រុមការងារ។
ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសសំណេះសំណាលក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដោយបានផ្តល់សាររំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៧៣២នាក់ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានការកោតសរសើរដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំកែលម្អគុណភាពសេវា។ លើសពីនោះលោកសាស្រ្តាចារ្យ បានណែនាំមន្រ្តីសុខាភិបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យតាមបណ្តារាជធានី-ខេត្ត ឱ្យពង្រឹងកិច្ចការងារប្រចាំថ្ងៃរបស់ខ្លួន និងខិតខំបន្ថែមទៀត ជាពិសេសផ្តោតការយកចិត្តទុកដាក់មើលថែដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់បណ្ណ័មូលនិធិសមធម៌ ឬ ប័ណ្ណសមាជិក ប.ស.ស. ព្រមទាំងបងប្អូនក្រុមគ្រួសារសាច់ញាតិអ្នកជំងឺ។
ក្នុងឱកាសនោះផងដែរលោកសាស្រ្តាចារ្យ បានអនុញ្ញាតឱ្យមានបទបង្ហាញពីការដឹកនាំមន្ទីរសុខាភិបាល ដែលធ្វើឡើងដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ។ ក្រោយពីបទបង្ហាញ លោកសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមលើកយកចំណុចគន្លឹះមួយចំនួនមករំលេចបន្ថែមដូចជា (១) ការរៀបចំពេលវេលាផ្តល់សេវានៅតាមគ្រឹះស្ថានសុខភាព (២) ការគ្រប់គ្រងសេវាឯកជនឱ្យមានប្រសិទ្ធភាព និង (៣)ការលើកកម្ពស់ការតាំងចិត្តនិងភាពពេញចិត្តរបស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលក្នុងការងារដោះស្រាយបញ្ហា ដែលស្មុគ្រស្មាញនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង ៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ៕