(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអំពាវនាវ និងសំណូមពរដល់ក្រុមអាជីវករអ្នកលក់ដូរពាក់ព័ន្ធគ្រប់ប្រភេទទាំងអស់ នាឱកាសរដូវបុណ្យទាន មិនត្រូវបក់ដៃហៅរថយន្តភ្ញៀវតាមដងផ្លូវ និងមិនត្រូវតម្លើងថ្លៃម្ហូបអាហារនោះឡើយ មួយវិញទៀត សូមឲ្យប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ។

ការថ្លែងបែបនេះ ខណៈលោកអភិបាលខេត្តកែប បានដឹកនាំជួរថ្នាក់ដឹកនាំ នៃមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ បើកការដ្ឋានកសាងផ្លូវបេតុង ១ខ្សែ ប្រវែង៤១៦ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទន្ទឹមនេះ លោកបណ្ឌិត សោម ពិសិដ្ឋ ក៏មានសេចក្តីរីករាយ ជាមួយប្រជាពលរដ្ឋ នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ចំពោះការទទួលបាននូវសមិទ្ធផលផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង ៤១៦ ម៉ែត្រ ទទឹង ៥ម៉ែត្រ ក្នុងគម្រោងមូលនិធិក្រុងប្រចាំឆ្នាំ២០២៤ ជាប្រយោជន៍បម្រើឱ្យការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលកន្លងមកជួបការលំបាក ដោយសារស្ថានភាពផ្លូវមានលក្ខណៈជាផ្លូវរគ្រួសក្រហម តែងរងការខូចខាតក្នុងរដូវវស្សា ប៉ុន្តែឥឡូវត្រូវបានសាងសង់ ជាផ្លូវបេតុង សម្រាប់ម៉ូតូឡានតូចធំ និងប្រកបដោយគុណភាព រឹងមាំយូរអង្វែង ស្របទៅតាមតម្រូវការ របស់ប្រជាជន និងដំណើរវិវឌ្ឍទៅមុខរបស់ប្រទេសជាតិ។

លោកបន្ដថា ចំពោះអ្នកទូទៅ យើងអាចមើលឃើញត្រឹមតែជាផ្លូវបេតុងធម្មតា ប៉ុន្តែសម្រាប់អ្នកមូលដ្ឋានដែលធ្លាប់ជួបការលំបាកក្នុងការធ្វើ ដំណើរទៅមកនៅលើផ្លូវនេះផ្ទាល់ ទើបយល់អំពីតម្លៃសារៈប្រយោជន៍ពិតប្រាកដ ដោយធ្លាប់ទន្ទឹងចង់បានជាយូរមកហើយ ដូច្នេះនៅពេលនេះម៉ោងនេះ លោកក៏សូមចូលរួមអបអរសាទរ ជាមួយសមិទ្ធផលនេះមិនថាតូចឬធំឡើយ។

លោកអភិបាលខេត្ត បានបន្តទៀតថា មកដល់ពេលនេះ ខេត្តកែបមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ គួរជាទីមោទនៈ ដោយថ្មីៗនេះ ខេត្តកែបបានសម្ពោធដាក់អោយប្រើប្រាស់ ជាផ្លូវការនូវ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទន្ទឹមនេះ រដ្ឋបាលខេត្តបានខិតខំរៀបចំកែលម្អរ និងជួសជុលទ្បើងវិញ នូវហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្តនានា ឱ្យកាន់តែប្រសើរឡើង សម្រាប់ត្រៀមក្នុងពិធីបុណ្យឆ្លងឆ្នាំសកល ២០២៤-២០២៥ ផងដែរ៕