(ភ្នំពេញ)៖ មន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការបំពេញមុខងារស្នូលរបស់ខ្លួនចំនួន២ គឺដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងខេត្ត និងដើរតួនាទីជាអង្គគាំទ្រ ក្នុងមុខងារផ្នែកទំនាក់ទំនងសាធារណៈដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញចំណុះខេត្ត ក្នុងការផ្សព្វផ្សាយពីគោលនយោបាយសមិទ្ធិផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាសមិទ្ធិផល និងការអភិវឌ្ឍនានាក្នុងខេត្តរបស់ខ្លួន ដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទូទៅ ដើម្បីឱ្យពួកគាត់បានជ្រាប យល់ដឹងឱ្យបានទូលំទូលាយ។

នេះជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតី នៃកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់មន្ទីរព័ត៌មានរាជធានី-ខេត្ត នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា មន្ទីរព័ត៌មាន ត្រូវបង្កើននូវស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងត្រូវតែសកម្ម មោះមុតនឹងការងារដោយផ្អែក លើទស្សនាទាន គឺរួមគិត រួមផ្តល់យោបល់ រួមធ្វើ និងជំរុញការផ្សព្វផ្សាយ និងឆ្លើយតបឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាពនូវព័ត៌មានលេចធ្លោររបស់ រាជធានី ខេត្ត រៀងៗខ្លួនលើគ្រប់មធ្យោបាយ និងបណ្តាញផ្សព្វផ្សាយសង្គមឱ្យបានទូលំទូលាយ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន បានកំណត់ចក្ខុវិស័យរបស់ខ្លួន ក្នុងការធ្វើឱ្យក្រសូងព័ត៌មាន ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រដ្ឋាភិបាលមួយប្រកបដោយភាពសកម្ម បុរេសកម្ម អន្តរសកម្ម គុណភាព និងប្រសិទ្ធភាព។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារព័ត៌មាន និងសាធារណមតិមានភាពចាំបាច់ណាស់ សម្រាប់បម្រើចិត្តសាស្ត្រ និងការគ្រប់គ្រងសតិអារម្មណ៍ ប្រជាពលរដ្ឋក្នុងបរិបទនៃការរីកចម្រើន នៃបច្ចេកវិទ្យាព័ត៌មាន ដែលក្រសួងស្ថាប័នទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រូវតែខិតខំពង្រឹងនូវយន្តការដ៏សំខាន់នេះ ដែលជាកម្លាំងរួមសម្រាប់បំពេញភារកិច្ចផ្សព្វផ្សាយ បំភ្លឺ និងការឆ្លើយតបបានទាន់ពេលវេលា។

រដ្ឋមន្ត្រី បានជំរុញដល់មន្ទីរព័ត៌មាន បន្តរួមសហការសាមគ្គីគ្នា ផ្លាស់ប្តូរការផ្សព្វផ្សាយព័ត៌មានទៅវិញទៅមក ឱ្យបានឆាប់រហ័ស តាមគ្រប់មធ្យោបាយ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាន ព័ត៌មានពិត ត្រឹមត្រូវទាន់ពេលវេលា និងចូលរួមទប់ស្កាត់និងបង្ការព័ត៌មានមិនពិត ដែលបង្កើតឡើងដោយក្រុមទុច្ចរិតក្នុងបំណងបំភ្លៃ បំផ្លើស បំភ័ន្តសាធារណមតិ បំភ្លៃការពិតពីកម្ពុជា។

នៅក្នុងឱកាសនេះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្តល់ជូននូវសម្ភារៈបម្រើឱ្យការងារផលិត និងផ្សព្វផ្សាយព័ត៌មាន ដល់មន្ទីរព័ត៌មានខេត្តរាជធានីចំនួន ២៥ ដោយក្នុងមួយមន្ទីរទទួលបាន ម៉ាស៊ីនថតវីដេអូ១គ្រឿង ជើងកាមេរ៉ា ម៉ាស៊ីនថតរូប១គ្រឿង កុំព្យូទ័រ១គ្រឿង រួមទាំងសម្ភារៈមួយចំនួនផ្សេងទៀត៕