(ភ្នំពេញ)៖ ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹងកាន់តែច្រើន បង្កហានិភ័យដល់សុខភាពកាន់តែខ្ពស់ ដែលបណ្ដាលឱ្យមានជំងឺច្រើនជាង ២០០ប្រភេទ ក្នុងនោះរួមទាំងជំងឺមិនឆ្លង ជាអាទិ៍ ជំងឺក្រិនថ្លើម ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម។ ជំងឺមិនឆ្លង គឺជាជំងឺរុំារៃ សម្លាប់ប្រជាជនកម្ពុជាជិត ៦ម៉ឺននាក់ជារៀងរាល់ឆ្នាំ ដែលស្មើនឹង ៦៤% នៃករណីស្លាប់ទាំងអស់ នេះបើតាមរបាយការណ៍ដែលបានស្រាវជ្រាវក្នុងឆ្នាំ២០១៨។
នេះបើតាមការបញ្ជាក់របស់លោកសាស្ដ្រចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយការអប់រំសុខភាព ដើម្បីចៀសវាងកត្តហានិភ័យ នៃជំងឺមិនឆ្លង នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសាន់&មូន វីវើសាយ។
លោកសាស្រ្ដាចារ្យបានថ្លែងបន្ដថាទៀតថា «ការប្រើប្រាស់គ្រឿងស្រវឹងប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់យុវវ័យ បណ្ដាលឱ្យញៀន និងបង្កបញ្ហាសុខភាពផ្លូវចិត្តដូចជា ជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ជាដើម។ លើសពីនេះ ការប្រើប្រាស់គ្រឿងស្រវឹងបានប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម ជំរុញឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ និងអំពើហិង្សាបុគ្គល គ្រួសារ ផងដែរ។ ចំណែកជំងឺមិនឆ្លង ក្រៅពីការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង ក៏មានការរបបអាហារមិនមានសុខភាព កង្វះសកម្មភាពរាងកាយ ការប្រើប្រាស់ផលិតផលថ្នាំជក់ផងដែរ»។
ក្នុងឱកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី សំណូមពរដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាធានី-ខេត្តទាំងអស់ យកសារអប់រំសុខភាពដែលក្រសួងសុខាភិបាលបានផលិត ធ្វើការអប់រំផ្សព្វផ្សាយជាប្រចាំ និងឱ្យបានទូលំទូលាយ តាមរយៈការដាក់បញ្ជូលការអប់រំសុខភាពជាសកម្មភាពការងារអាទិភាព ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន អំពីកត្តាហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងទៀតថា សិក្ខាសាលាខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការអប់រំសុខភាព និងយកព័ត៌មានដែលទាក់ទងជំងឺមិនឆ្លង ដើម្បីយកទៅផ្សព្វផ្សាយបន្តនៅតាមមូលដ្ឋាន ក្នុងការជំរុញឱ្យប្រជាជនមានការផ្លាស់ប្តូរឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព ព្រមទាំងផ្តល់នូវចំណេះដឹង ជំនាញ អាកប្បកិរិយាដល់បុគ្គលនិងគ្រួសារ និងលើកទឹកចិត្តពួកគាត់ឱ្យផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន ដំណើរឆ្ពោះទៅការការពារជៀសវាងពីការជួយសង្គ្រោះ នូវគ្រោះថ្នាក់ដែលកើតមានឡើង តាមរយៈការចូលរួមពី យើងទាំងអស់គ្នាខិតខំធ្វើឱ្យលើសពីការដែលអាចធ្វើទៅបាន។
ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋគឺជាអាទិភាព ដែលក្នុងនោះការបង្ការជំងឺមិនឆ្លងគឺជាអាទិភាពចម្បងមួយរបស់ក្រសួងសុខាភិបាល រួមមាន ការអប់រំផ្សព្វផ្សាយដើម្បីចៀសវាងកត្តាហានិភ័យជំងឺមិនឆ្លង។
ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានអំពាវនាវដល់សាធារណជនទាំងអស់ ចៀសវាងការប្រើប្រាស់ផលិតផលថ្នាំជក់ និងផលិតផលគ្រឿងស្រវឹង ទទួលទានអាហារដែលមានសុខភាព និងធ្វើលំហាត់ប្រាណឱ្យបានគ្រប់គ្រាន់។ សុខភាពគឺជាអ្វីៗគ្រប់យ៉ាងរបស់យើងទាំងអស់គ្នា មានសុខភាពល្អទើបយើងអាចមានមូលធនមនុស្សសម្រាប់ការអភិវឌ្ឍ គ្រួសារ សង្គម និងប្រទេសជាតិស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល៕