(ទីក្រុងប៉េកាំង)៖ កាលថ្មីៗនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត បានចាត់តាំងក្រុមការងារដឹកនាំដោយ លោក ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានការិយាល័យ កិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត ដឹកនាំក្រុមការងារ បំពេញបេសកកម្ម នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី ១៧-២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ទៅកាន់ខេត្ត ក្រុង ចំនួន ៥ រួមមាន ប៉េកាំង គុនមីង ក្វាងចូវ ណាននីង និងអានហ៊ួយ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង ជាមួយដៃគូរផ្តល់អាហារូបករណ៍ ។
ក្នុងដំណើរបេសកកម្ម គណៈប្រតិភូ ទទួលបានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅ ពីសំណាក់ថ្នាក់ដឹកនាំស្ថានទូត, ស្ថានអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងដៃគូពាក់ព័ន្ធរួមមានមន្ទីរអប់រំខេត្ត សមាគមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សា នៃសាធារណរដ្ឋប្រជាមានិតចិន សរុបប្រមាណ២១ស្ថាប័ន ដែលបានជួបពិភាក្សាការងារ ។
លើសពីនេះទៅទៀត តាមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិតប្រធានគណៈកម្មាធិការអាហារូបករណ៍ និងសមាគម អ.ម.ត ក្រុមការងារ បានជួបសំណេះសំណាល និស្សិតកម្ពុជាក្រុងប៉េកាំង ប្រមាណ៣០០នាក់ ខេត្តអានហ៊ួយប្រមាណ ៦០នាក់ និងនៅតាមបណ្តាលគោលដៅផ្សេងៗទៀត ដើម្បីស្វែងយល់ពីសុខទុក្ខ, ការសិក្សា, ការរស់នៅ និងបញ្ហាប្រឈមនានា របស់និស្សិតសំដៅធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងជួយសម្របសម្រួលឱ្យអស់លទ្ធភាព ដើម្បីឱ្យនិស្សិតអាចបញ្ចប់ការសិក្សាដោយជោគជ័យ នឹងក្លាយជាធនធានមនុស្សកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលការអភិវឌ្ឍធនធានមនុស្ស ជាកត្តាគន្លឹះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងន័យនេះ គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ក្រោមការដឹកនាំរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងបន្តចូលរួមគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និយាយជារួម និងនិយាយដោយឡែកគឺបញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្តល់នូវអាហារូបករណ៍ ដល់សិស្ស-និស្សិតកម្ពុជាទៅបន្តការសិក្សានៅក្នុង និងក្រៅប្រទេស នៅថ្នាក់ឧត្តមសិក្សា៕