(ភ្នំពេញ)៖ លោក ជិន ថាញ់ មិន ប្រធានរដ្ឋសភាវៀតណាម បានផ្ញើសារលិខិតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើបដិសណ្ឋារកិច្ចដ៏អធិកអធម ដោយការយកចិត្តទុកដាក់ និងភាពរួសរាយរាក់ទាក់ចំពោះរូបលោក ដែលមកបំពេញទស្សនកិច្ច ក៏ដូចជា គណៈប្រតិភូដែលមកចូលរួមមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិរបស់បណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព (IPTP) កាលពីពេលថ្មីៗនេះ។

តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោកប្រធានរដ្ឋសភាវៀតណាម បានលើកឡើងថា ដំណើរទស្សនកិច្ចនេះ បានធ្វើឱ្យលោក និងសមាជិកនៃគណៈប្រតិភូមានចំណាប់អារម្មណ៍ល្អៗ ចំពោះប្រទេសកម្ពុជា ដ៏ស្រស់ស្អាត ជាមួយនឹងប្រជាជនដែលរួសរាយ និងរាក់ទាក់។

«ខ្ញុំជឿជាក់យ៉ាងមុតមាំថាលទ្ធផលល្អនៃដំណើរទស្សនកិច្ចផ្លូវការ និងជំនួបរវាងខ្ញុំ និងសម្តេចប្រធាន នឹងរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងដែលជា “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិគ្រប់ ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” រវាងប្រទេសទាំងពីរ ហើយថា កិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ នឹងបន្តអភិវឌ្ឍកាន់តែជាក់ស្តែង និងស័ក្តិសិទ្ធភាពជាងមុន»។ នេះបើតាមសារលិខិតរបស់ប្រធានរដ្ឋសភា។

លោកបានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះកម្ពុជា ដែលបានរៀបចំដោយជោគជ័យនូវមហាសន្និបាត ICAPP លើកទី១២ និងសម័យប្រជុំពេញអង្គ IPTP លើកទី១១ ដែលបានរួមចំណែកក្នុងការបញ្ជាក់ និងលើកកម្ពស់ជំហរនិងតួនាទីរបស់កម្ពុជា និយាយជារួម និងគណបក្សប្រជាជនកម្ពុជា និយាយដោយឡែក នៅក្នុង តំបន់ និងលើឆាកអន្តរជាតិ។ លោក និងគណៈប្រតិភូ សូមវាយតម្លៃខ្ពស់ចំពោះ សុន្ទរកថាប្រកបដោយខ្លឹមសារដ៏ ជ្រាលជ្រៅរបស់ សម្តេចប្រធាន ស្តីពីសន្តិភាព និងការផ្សះផ្សាជាតិនៅកម្ពុជា ក្នុងមហាសន្និបាត ICAPP លើកទី ១២ ដែលមានអត្ថន័យខ្លាំងណាស់ក្នុងបរិបទនៃភាពតានតឹង និងជម្លោះ ដែលបន្តកើនឡើងនៅក្នុងតំបន់ជាច្រើន នៃពិភពលោក។

ប្រធានរដ្ឋសភាវៀតណាម បានជូនពរ សម្តេចតេជោ ហ៊ុន សែន មានសុខភាពល្អ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាទទួលបានសមិទ្ធផលកាន់តែធំធេងថែមទៀត ហើយខ្ញុំទន្ទឹងរង់ចាំស្វាគមន៍ សម្តេចប្រធាន ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមនាពេលដ៏ខ្លី ខាងមុខ៕