(ភ្នំពេញ)៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានផ្ញើសារលិខិតមួយ គោរពថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូន សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានផ្ញើសារលិខិតប្រកបដោយសមានចិត្តអាណិតអាសូរ ពាក់ព័ន្ធនឹងផលវិបាកនៃព្យុះទីហ្វុងយ៉ាហ្គី នៅភាគខាងជើង និងភាគឦសាននៃប្រទេសថៃ កាលពីពេលថ្មីៗនេះ។
តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោកស្រី នាយករដ្ឋមន្រ្តីថៃ បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ដូច្នេះថា៖ «ខ្ញុំមានកិត្តិយសសូមគោរពថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូន សម្តេចតេជោ ចំពោះ សារ លិខិតប្រកបដោយសមានចិត្តអាណិតអាសូរ ពាក់ព័ន្ធនឹងផលវិបាកនៃព្យុះទីហ្វុងយ៉ាហ្គី នៅភាគខាង ជើង និងភាគឦសាននៃប្រទេសថៃ»។
លោកស្រីបានចាត់ទុកថា កាយវិការនិងការជួយជ្រោមជ្រែងដ៏សប្បុរសរបស់ សម្តេចតេជោ និងប្រជាជនកម្ពុជា ឆ្លុះ បញ្ចាំងពីចំណងមិត្តភាពដ៏ស្និទ្ធស្នាល និងជ្រាលជ្រៅរវាងប្រទេសយើងទាំងពីរ ដែលបានផ្តល់នូវការសម្រាល និងរំលែកទុក្ខព្រួយដ៏ចាំបាច់ដល់ក្រុមគ្រួសារសពរងគ្រោះដោយព្យុះទីហ្វុង៕