(ភ្នំពេញ)៖ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សាសិស្ស សរុប ១២,០៥៥នាក់ បានចូលរួមសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ តាមដងផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១ ដើម្បីបង្កើនភាពស្អាត និងសោភ័ណភាព គ្មានសំរាម និងថង់ប្លាស្ទិកនៅតាមផ្លូវជាតិ ដែលកំណត់នៅឆ្នាំ២០២៥។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ បាននិងកំពុងអនុវត្តសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ តាមដងផ្លូវជាតិជាបណ្តើរៗ។ គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឃុំ-សង្កាត់៨១ នៃចំនួន ឃុំ-សង្កាត់ សរុប១១៩ (៦៨,១%) បានចូលរួមអនុវត្តសកម្មភាពសម្អាតតាមដងផ្លូវជាតិ ដោយគិតជាប្រវែងផ្លូវជាតិបានសម្អាត ២៥៤គ.ម. នៃប្រវែងផ្លូវសរុប ៦៣៦គ.ម. (៣៩,៨%) និងប្រមូលសំរាមសំណល់ប្លាស្ទិកបាសរុប ២៨,៧៣២គីឡូក្រាម។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ឆ្លើយតបទៅនឹង «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» សកម្មភាពសំអាតអនាម័យបរិស្ថាន បានលប់បំបាត់គំនរសំរាមអនាធិបតេយ្យចំនួន ២១៦ ទីតាំង ត្រូវបានសម្អាត។

សូមជម្រាបថា ក្រសួងបរិស្ថាន បានដាក់ចេញផែនការ សកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ តាមដងផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១ កាលពីខែតុលា ២០២៤ កន្លងទៅ ក្នុងគោលបំណងដើម្បីឱ្យបណ្តាក្រុង ស្រុក នៅតាមដងផ្លូវជាតិគោលដៅ មានភាពស្អាត មិនមានសំរាមនិងសំណល់ប្លាស្ទិករាយប៉ាយ អនាធិបតេយ្យ តាមរយៈការសម្រេចឱ្យបាននូវ គោលដៅក្នុងការប្រែក្លាយសកម្ម ភាព ឬយុទ្ធនាការនេះ ទៅជាចលនាស្វ័យអនុវត្ត និងបន្តរទៅជាវប្បធម៌និង ទម្លាប់ល្អរបស់ប្រជាពលរដ្ឋនៅក្នុងរក្សាភាពស្អាត។ ផែនការសកម្មភាពនេះ គឺជាចលករដ៏សំខាន់ជួយជំរុញដល់ការលើកកម្ពស់ការកែប្រែ ឥរិយាបទ និងការចូលរួមរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ក្នុងការលើកកំពស់ភាពស្អាតដែនដី ដើម្បី សម្រេចបាននូវទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សានូវ សុខមាលភាពរបស់ប្រជាពលរដ្ឋ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកប ដោយចីរភាព។

ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានរៀបចំ ឡើងអនុលោមទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដែលបានគូសបញ្ជាក់ពីបេសកកម្ម និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នាប្រជាពលរដ្ឋទូទៅ សំដៅឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព។ យុទ្ធសាស្ត្រនេះបានរៀបចំឡើង ដើម្បីតម្រង់ទិស និងចង្អុលបង្ហាញពីអាទិភាព ការងារក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍ ប្រកបដោយចីរភាព ជាមួយនឹងយុទ្ធសាស្រ្តចំនួនបី គឺ «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» សំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០៕