(ភ្នំពេញ)៖ ជប៉ុន ផ្តល់ទីលានបាល់ទាត់ហ្វួតសាលស្មៅសិប្បនិម្មិតដល់វិទ្យាល័យហ៊ុនសែនថ្នល់ទទឹង ដើម្បីប្រយោជន៍សិស្សានុសិស្ស។
មកដល់ពេលនេះភាគីមិត្តជប៉ុន បានផ្តល់ទីលានបាល់ទាត់ហ្វួតសាល់ស្មៅសិប្បនិម្មិតជូនកម្ពុជា បានចំនួន៧កន្លែងហើយនៅតាមបណ្តាវិទ្យាល័យនានាក្នុងកម្ពុជា ក្នុងគោលបំណងចង់ឲ្យវិទ្យាល័យក្នុងប្រទេសកម្ពុជា មានទីលានបាល់ទាត់យ៉ាងហោចមួយដើម្បីពង្រឹងសុខភាពអប់រំកាយនិងកីឡា។
ក្រោយទទួលបានទីលាន់បាល់ទាត់ លោក ញឹល ប៊ុនធន នាយកវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង បានប្រាប់ថា លោកពិតជាសប្បាយរីករាយ ដោយសារទីលានបាល់ទាត់មួយនេះ នឹងផ្តល់ផលប្រយោជន៍ច្រើនដល់លោកគ្រូបង្រៀន និងសិស្សានុសិស្ស ពិសេសបំផុតដើម្បីបានពង្រឹងកីឡាលើមុខវិជ្ជាអប់រំកាយនិងកីឡាតាមគោលការណ៍ក្រសួងអប់រំយុវជននិងកីឡាជូនដល់សិស្សានុសិស្ស។
លោកបានបន្តទៀតថា កត្តាសំខាន់មួយទៀត នឺងធ្វើឲ្យសិស្សានុសិស្សមានសុខភាពរឹងមាំ ការសិក្សារៀនសូត្ររបស់សិស្សក៏បានល្អដែរ មានន័យថា កាលណាសិស្សានុសិស្សមានសុខភាពរឹងមាំជាក្តីសង្ឃឹមរបស់ប្រទេសជាតិ ដូចនេះលោកសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានជួយ។
ជាមួយគ្នាលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានលើកឡើងថា នឹងជំរុញក្រុមហ៊ុនជប៉ុន ជួយកម្ពុជាឲ្យរីកចម្រើនលើវិស័យកីឡាបន្ថែមទៀត ពិសេសគឺកីឡាបាល់ទាត់ ដោយសារបច្ចុប្បន្ន សហព័ន្ធកីឡាបាល់ទាល់កម្ពុជា ក៏មានគ្រូបង្វឹកជាជនជាត់ជប៉ុន ហើយកីឡាកម្ពុជានឹងរីកចម្រើនថែមទៀត ហើយនៅពេលវិស័យកីឡារីកចម្រើន នោះគ្រប់វិស័យនៅប្រទេសកម្ពុជា ក៏កាន់តែរីកចម្រើនដែរ។
ជាមួយគ្នានេះ លោក លឹម វិសាល រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការគាំទ្រ ចំពោះភាគីមិត្តជប៉ុន រួមនឹងដៃគូ ដែលបានជួយកម្ពុជា រួមនឹងទីលានបាល់ទាត់ហ្វួតសាល់ស្មៅសិប្បនិម្មិតនេះផងដែរ ហើយកម្ពុជា នៅតែត្រូវការឲ្យមិត្តជប៉ុនបន្តជួយទៀត ដើម្បីឲ្យកម្ពុជា កាន់តែមានភាពរឹងមាំខណៈកម្ពុជា កំពុងមានសុខសន្តិភាព និងត្រូវការដៃគូសហការដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ជាបន្តបន្ទាប់ទៀត។
គួរបញ្ជាក់ថា តារាងបាល់ទាត់ហ្វូតដែលភាគីមិត្តជប៉ុនបានផ្តល់ជូននេះ មានចំនួន៧មកហើយ ដោយមួយឆ្នាំមានមួយ ហើយមួយកន្លែងៗមានតម្លៃប្រមាណជាង៤ម៉ឺនដុល្លារ ក្នុងគោលបំណងជួយគ្រឹះស្ថានសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡា មានទីលានបាល់ទាត់ត្រឹមត្រូវតាមស្តង់ដារ៕