(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានចេញមកបញ្ជាក់ និងចាត់ទុករបាយការណ៍ របស់មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ហៅកាត់​ថា​ (CCHR) ថាសិទ្ធិ​សេរី​ភាព​ខាង​ការ​បញ្ចេញ​មតិ ​សេរី​ភាព​សារ​ព័ត៌​មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា​ បន្ត​រង​ការ​វាយ​ប្រហារ ​ខណៈ​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ បំភិត​បំភ័យ ​និង​រឹត​ត្បិត​សេរី​ភាព​ជា​មូល​ដ្ឋាន​ គឺពុំបានឆ្លុះបញ្ចាំងគុណតម្លៃរួមក្នុងការលើកម្ពស់សិទ្ធិសេរីភាព និងពុំទាន់មានមូលដ្ឋានវិទ្យាសាស្ត្រគ្រប់គ្រាន់នៅឡើយ ខណៈអ្នកសារព័ត៌មានជិត៨០ភាគរយ បានអះអាងថាខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីព។

ថ្លែងប្រាប់បណ្តាញព័ត៌មាន ​Fresh News នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា ការពួនជ្រុំលើកកម្ពស់ការអភិវឌ្ឍសិទ្ធិសេរីភាព ផ្នែកសេរីភាពសារព័ត៌មាន ការបញ្ចេញមតិ សិទ្ធិមនុស្ស មិនមែនធ្វើឡើងសម្រាប់តែបុគ្គល ឬក្រុមណាមួយនោះឡើយ។ ហេតុ ដូច្នេះ ហើយការចូលរួមពីគ្រប់ភាគី និងតួអង្គពាក់ព័ន្ធទាំងអស់ គឺមានភាពចាំបាច់ណាស់ ដើម្បីធានាភាពហ្មត់ចត់ ភាពសុក្រឹត ប្រាកដប្រជា គុណភាព ធានាតម្លាភាព អាចទុកចិត្តបាន។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា៖ «ក្នុងន័យនេះរបាយការណ៍ដែលបានរៀបចំឡើងនេះគឺពុំទាន់ឆ្លុះបញ្ចាំងនូវគុណតម្លៃរួមក្នុងការលើកម្ពស់សិទ្ធិសេរីភាពនៅឡើយ រាប់បញ្ចូលទាំងតម្លៃនៃការចូលរួម និងព័ត៌មានដែលបានប្រើប្រាស់ ប្រសិនបើយើងពិនិត្យមើល និងវាយតម្លៃផ្អែកលើគោលការណ៍ និងមូលដ្ឋានវិទ្យាសាស្ត្រសម្រាប់ការសិក្សាប្រភេទនេះ»

ជាមួយគ្នានេះដែរ លោក ទេព អស្នារិទ្ធ បានលើកឡើងថា ផ្នែកលើកាអះអាងសេចក្តីសង្ខេបរបស់របាយការណ៍ គឺបានពឹងផ្អែកទៅលើប្រភពព័ត៌មានរបស់ខ្លួន លើការអង្កេតស្ថានភាពជាទូទៅ ដោយស្រង់យកព័ត៌មានពីការចេញផ្សាយរបស់អង្គភាព ឬក៏អង្គការដទៃផ្សេងដែលធ្វើតាមរបៀបវារៈ ហើយយកមកដាក់បញ្ចូលជាខ្លឹមសាររបស់ខ្លួន។ រីឯការស្រង់នូវករណីកើតហេតុដែលបានកើតឡើង ដើម្បីបញ្ចូលក្នុងរបាយការណ៍នេះ ដោយមិនបានថ្លឹងថ្លែង លើអង្គច្បាប់ ពាក់ព័ន្ធនឹងស្ថានភាពនីមួយៗឱ្យបានគ្រប់ជ្រុងជ្រោយហ្មត់ចត់នៅឡើយ។

លោកបានបន្ថែមថា អ្នកធ្វើរបាយការណ៍នេះ គាត់បានទទួលស្គាល់ដោយខ្លួនឯងដែរ ថាមិនមានលក្ខណៈគ្រប់ជ្រុងជ្រោយដោយមានកង្វះខាតនូវព័ត៌មាន ហើយផ្ទុយទៅវិញសម្រាប់របាយការណ៍ទាំងនេះ គឺចាំបាច់ណាស់ត្រូវសហការជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាមួយអាជ្ញាធរ សមត្ថកិច្ចដែលទទួលខុសត្រូវ ដូច្នេះ ការស្រង់ចូលនូវករណីឧប្បទ្ទវហេតុដែលបានកើតឡើង ហើយយកទិដ្ឋភាពទាំងអស់នេះដើម្បីវាយតម្លៃរាប់បញ្ចូលថាជាការធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាព ដូច្នេះ គឺជាការវាយតម្លៃនៅមិនទាន់មានលក្ខណៈត្រឹមត្រូវគ្រប់គ្រាន់អាចឱ្យតួអង្គពាក់ព័ន្ធ និងប្រជាពលរដ្ឋជឿជាក់បាននៅឡើយ ពីព្រោះនៅខ្វះតម្លាភាព ខ្វះការឆ្លុះបញ្ចាំងជំហ និងតម្លៃរួមធ្វើឡើងដោយមើលតែមួយជ្រុងដើម្បីវាយតម្លៃពីស្ថានភាព ឱ្យធ្លាក់ទៅក្នុងភាពអាក្រក់ ក្នុងគោលបំណងគាំទ្រដល់របៀបវារៈ ដូច្នេះថាតើរបាយការណ៍ដែលបានរៀបចំឡើងនេះចូលរួមចំណែកអ្វីខ្លះក្នុងការលើកស្ទួយសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា។

ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា សេរីភាពសារព័ត៌មាន ជាកាតាលិករ មួយដ៏ចាំបាច់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច នៅប្រទេសកម្ពុជា ផ្ទុយពីអ្វីដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះសេរីភាព សារព័ត៌មាន ត្រូវបានធានាដោយច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសេរីភាពសារព័ត៌មានកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀត។ ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ខ្ពស់ចំពោះការធានាសិទ្ធិសេរីភាពគ្រប់បែបយ៉ាងទាំងអស់ដែលច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ។

«ជាលទ្ធផលសេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានវាស់វែងដោយការសិក្សាបែបវិទ្យាសាស្ត្រនៅប្រទេសកម្ពុជា ដោយកម្ពុជាខ្លួនឯងផ្ទាល់ ហើយលទ្ធផលបានបង្ហាញថាមានភាពល្អប្រសើរក្នុងឆ្នាំ២០២៤ អ្នកសារព័ត៌មាន ៧៩,៨ភាគរយ ក្នុងចំណោមអ្នកចូលរួមស្ទង់មតិសរុប បានឆ្លើយថាសេរីភាពសារព័ត៌មាន នៅកម្ពុជាមានភាពល្អប្រសើរ ខណៈដែលអ្នកសារព័ត៌មាន ចំនួនជិត៨០ភាគរយ បានអះអាងថាខ្លួនមានសេរីភាពពេញលេញ ក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានភាពងាយស្រួលក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗសម្រាប់ការសរសេរ ការផលិត និងផ្សព្វផ្សាយព័ត៌មានដោយសេរីដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវតាមច្បាប់ និងគ្មានការរឹតត្បិត ឬយាយី អ្វីឡើយ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក ទេព អស្នារិទ្ធ។