(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ដើម្បីកុំឱ្យបដិវត្តន៍ពណ៌មិនអាចកើតមានឡើង គឺឱ្យយុវជនស្គាល់អំពីតម្លៃរបស់ជាតិ ស្គាល់ពីវប្បធម៌ ចាក់ស៉ីជម្រៅទៅក្នុងក្រអៅបេះដូង ចំណុចនេះគឺគ្មានបរទេសណាអាចលូកដៃចូល ដើម្បីបង្កើតឱ្យមានបដិវត្តន៍ពណ៌បាននោះទេ។

ការលើកឡើងបែបនេះរបស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញបិទវេទិកាភ្នំពេញ លើកទី៣ ក្រោមប្រធានបទ «បដិវត្តន៍ពណ៌និងសណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងមានការវិវត្ត:បញ្ហាប្រឈមចំពោះអធិបតេយ្យនិងលទ្ធិប្រជាធិបតេយ្យ» នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នារាជបណ្ឌិតសភាកម្ពុជា។

លោកបណ្ឌិត សុខ ទូច បានឱ្យដឹងថា បញ្ហាពិភពលោក គឺប្រែប្រួលដោយសារតែផលប្រយោជន៍ ដូច្នេះ ដើម្បីឱ្យសង្គមមានស្ថិរភាពត្រូវរៀបចំសង្គម សេដ្ឋកិច្ច និងច្បាប់ឱ្យបានរឹងមាំ។ ហើយតម្លៃនៃការអប់រំ គឺដើរតួនាទីសំខាន់ខ្លាំងណាស់ សម្រាប់សង្គមជាតិ។

លោកបណ្ឌិត សុខ ទូច បានថ្លែងថា ការបញ្ជូនកូនឱ្យទៅសិក្សានៅបរទេស ហើយមានមោទកភាពចំពោះបរទេស ប៉ុន្តែ ជាតិខ្មែរ អត់បានបង្រៀនផង ហើយយុវជនបែរជាមិនបានស្គាល់ និងដឹងអ្វីច្បាស់ពីគុណតម្លៃរបស់ជាតិខ្មែរនោះនឹងបង្កបញ្ហាធ្ងន់ធ្ងរសម្រាប់សង្គមជាតិ។

លោកបណ្ឌិត សុខ ទូច បានលើកឡើងយ៉ាងដូច្នេះថា៖ «ដូច្នេះ ដើម្បីកុំឱ្យបដិវត្តន៍ពណ៌មិនអាចកើតមានឡើង គឺឱ្យយុវជនស្គាល់អំពីតម្លៃជាតិរបស់យើង ឱ្យស្គាល់អំពីវប្បធម៌របស់យើង ចាក់ស៉ីជម្រៅទៅក្នុងក្រអៅបេះដូងរបស់ជាតិយើង បដិវត្តន៍គ្មានបរទេសណាលូកចូលបាននោះទេ តែបើសិនជាគាត់ឱ្យអត់យល់ គាត់អត់ដឹងឃើញហាំប៊ឺហ្គ័រ គាត់ស្ទុះភ្លាម ភ្លេចនំបញ្ចុក ឃើញគឹមឈី ភ្លេចភ្លាមជ្រកខ្មែរ នេះដែលយើងត្រូវការផ្តល់តម្លៃឱ្យយល់ ឱ្យដឹង ឱ្យលឺ ឱ្យស្គាល់ពីតម្លៃរបស់ជាតិ»

លោកបណ្ឌិត សុខ ទូច បានបន្ថែមថា ប្រសិនបើមានតែច្បាប់មនុស្សមិនចេះ ហើយមើលរំលងច្បាប់ មិនយកច្បាប់មកអនុវត្តន៍នោះនឹងធ្វើឱ្យសង្គមមិនមានគុណភាព ហើយសេដ្ឋកិច្ចអាចរីកចម្រើនបានគឺអាស្រ័យលើធនធានមនុស្ស ហើយសង្គមជាតិមួយរីកចម្រើនទៅមុខ ក៏អាស្រ័យទៅលើធនធានមនុស្សផងដែរ។

លោកបណ្ឌិត សុខ ទូច បានការយល់ឃើញថា បដិវត្តន៍ពណ៌មិនអាចកែប្រែសង្គមជាតិបាននោះទេ ហើយបដិវត្តន៍ពណ៌មិនអាចទទួលបានជោគជ័យ និងកែប្រែអនាគតរបស់យុវជននោះទេ ប៉ុន្តែ អ្វីដែលអាចធ្វើឱ្យសង្គមជាតិជោគជ័យ យុវជនជោគជ័យ មានតែវិស័យអប់រំតែប៉ុណ្ណោះ នៅពេលដែលប្រជាពលរដ្ឋបានយល់ដឹងនោះច្បាប់ គឺជាដែកថែបសម្រាប់គ្រប់គ្រងសង្គម បើគ្មានច្បាប់សង្គមរញ៉េរញ៉ៃ ប៉ុន្តែ មានច្បាប់ប្រជាជនមិនបានដឹងពីអ្វីហៅថាច្បាប់នោះសង្គមជាតិក៏មិនអាចទទួលបានជ័យជន្នះផងដែរ៕