(ភ្នំពេញ)៖ សាលាអនុគណខណ្ឌកំបូល និងពុទ្ធិកសមាគមកម្ពុជរដ្ឋ បានបន្តធ្វើសកម្មភាពមនុស្សធម៌ ដោយនាំយកទេយ្យទាន និងបច្ច័យ ជូនគ្រួសាររងគ្រោះ ដោយអគ្គីភ័យ ចំនួន ២កន្លែង នៅរាជធានីភ្នំពេញ។

ជាក់ស្តែង ព្រះវិន័យសំវរ រិន សុផុន ព្រះវិន័យធរអនុគណខណ្ឌកំបូល តំណាង ព្រះសិរីកោសល សុំ សុខា ព្រះអនុគណខណ្ឌកំបូល នៅថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ ២០២៤ បាននិមន្តដឹកនាំមន្រ្តីសង្ឃសាលាអនុគណខណ្ឌកំបូល និងព្រះចៅអធិការវត្តទាំង១៨ ក្នុងខណ្ឌកំបូល
និមន្ត នាំយកទេយ្យទានទៅជូនដល់គ្រួសារជនរងគ្រោះដោយអគ្គីភ័យ នៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ទេយ្យវត្ថុសរុប រួមមាន៖

១៖ អង្ករ ចំនួន ៣៧២គីឡូក្រាម
២៖ មី ចំនួន ១៧កេស
៣៖ ទឹកក្រូច ចំនួន ១៦កេស
៤៖ ទឹកបរិសុទ្ធចំនួន ២៣ កេស
៥៖ ទឹកត្រី ទឹកស៊ីអ៉ីវ ចំនួន ៣២ យួរ
៧៖ ត្រីខ​ ចំនួន ៤យួរ
៨៖ តែ​ ស្ករសរ ទឹកដោះគោ​ មួយចំនួន
៩៖ ប្រឡុង ៤ ប្រដាប់ និងគ្រឿងប្រើប្រាស់ផ្ទះបាយមួយចំនួនទៀត
១០៖ ថវិកា ២,១៥០,០០០៛​ (ពីរលាន​ដប់ប្រាំម៉ឺនរៀល)

ជាមួយគ្នានេះ ថ្ងៃទី២៧​ ខែវិច្ឆិកា ឆ្នាំ ២០២៤ ព្រះសិរីកោសល សុំ សុខា ដែលជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ ផងនោះ បានចាត់ឱ្យលោកស្រី​ អ៉ី​ សុខរ៉ា​ អនុប្រធាន​ គណៈកម្មការ យុវ​ពុទ្ធិកសមាគមកម្ពុជរដ្ឋ​ ដឹកនាំក្រុមយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ ចុះយក​អំណោយ​ ពុទ្ធិកសមាគមកម្ពុជរដ្ឋ​ ទៅប្រគល់ជូន លោកស្រី យ៉ាំ​ យឿន នៅផ្លូវបេតុង ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល ភ្នំពេញ​ ដែលទទួលរងគ្រោះ​ អគ្គិភ័យ​ (ភ្លើង​ឆេះផ្ទះ)។

អំណោយដែលពុទ្ធិកសមាគមកម្ពុជរដ្ឋ ប្រគល់ជូនរួមមាន​៖ អង្ករ​ ១ប៉ាវ​ ភេសជ្ជៈ​ ២យួរ ទឹកសុទ្ធ​ ២យួរ ទឹកត្រី​ ២យួរ ទឹកស៊ី​អ៊ីវ​ ២យួរ បាឡុង១ប្រដាប់ និងថវិកា​ ចំនួន​ ៥០០,០០០៛ (ហាសិបម៉ឺនរៀល​)៕