(ភ្នំពេញ)៖ ប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យចំនួន១៣នាក់ បានលើកឡើងជាសំណើ និងសំណូមពរជាច្រើន ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយ ជុំវិញការសុំធ្វើប្លង់កម្មសិទ្ធិដីធ្លី សុំតបណ្តាញទឹកស្អាត ស្នើសុំធ្វើផ្លូវ ធ្វើប្រព័ន្ធលូ និងស្នើកុំឲ្យជីកផ្លូវតបណ្តាញទឹកហើយទុកចោល។
ការលើកឡើងជាសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋខាងលើ បានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ក្រោមវត្តមាន លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តអរុណវត្តី ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង។
លោក ហ៊ុន សុរិទ្ធី បានលើកឡើងថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤ នៅខណ្ឌពោធិ៍សែនជ័យនេះ មានប្រជាពលរដ្ឋចំនួន១៣នាក់ បានលើកឡើងជាសំណើ និងសំណូមពរស្មើនឹង១៦បញ្ហា ដើម្បីឲ្យអាជ្ញាធររាជធានីភ្នំពេញរបស់យើងជួយដោះស្រាយ ក្នុងនោះមានទាំងការសុំធ្វើប្លង់កម្មសិទ្ធិដីធ្លី សុំតបណ្តាញទឹកស្អាត ស្នើសុំធ្វើផ្លូវ ធ្វើប្រព័ន្ធលូ ស្នើសុំការស្តារប្រឡាយ និងស្នើកុំឲ្យជីកផ្លូវ តបណ្តាញទឹកហើយទុកចោល។
លោកថា «រាល់សំណើ និងសំណូមពរផ្ទាល់មាត់របស់ប្រជាពលរដ្ឋនេះ យើងបានចាត់ឲ្យអាជ្ញាធរ និងមន្ទីរជំនាញដោះស្រាយជូនភ្លាមៗ។ ចំណែកបងប្អូនប្រជាពលរដ្ឋ ដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរចំនួន១០០ច្បាប់ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញ នឹងយកមកដោះស្រាយនៅពេលក្រោយ»។
លោក ហ៊ុន សុរិទ្ធី បានបញ្ជាក់ថា «អ្វីដែលជាការកត់សំគាល់ នៅក្នុងវេទិកានេះ ប្រជាពលរដ្ឋមិនបានលើកឡើងពាក់ព័ន្ធសន្តិសុខ គ្រឿងញៀន ល្បែងស៊ីសង ចោរលួច ប្លន់នោះទេ មានន័យថា ការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព កងកម្លាំង និងអាជ្ញាធររបស់យើង អនុវត្តបានល្អ បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋហើយ»។
លោក ហ៊ុន សុរិទ្ធី បានបន្តទៀតថា «វេទិកានេះ យើងពិតបានរកឃើញបញ្ហាសំខាន់ៗជាអាទិភាព សម្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ យកទៅធ្វើការពិចារណា កែលម្អ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ ការចូលរួមផ្តល់មតិយោបល់ និងការលើកឡើងនូវសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ គឺពិតជាបាននាំមកនូវសក្តានុពលដ៏ធំធេង និងធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញ អាចឆ្លុះបញ្ចាំងបាននូវចំណុចខ្វះខាត ចំណុចអសកម្ម ដែលបានអនុវត្តកន្លងមក និងអាចឱ្យគណៈអភិបាលរាជធានីភ្នំពេញ យកទៅពិចារណាធ្វើការកែលម្អឡើងវិញ ឱ្យបានសមស្របតាមសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននីមួយៗ»។
ក្នុងឱកាសនោះលោក ជូប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការ អភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ក្នុងគោលបំណង ដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប។
លោកបន្តថា ប្រជាពលរដ្ឋអាចលើកឡើងជាសំណើ និងសំណូមពរ នៅក្នុងវេទិកានេះ ដែលមានដូចជា៖
*ទី១៖ បញ្ហាសន្តិសុខ គ្រឿងញៀន ល្បែងស៊ីសង ចោរលួច ប្លន់ ពិសេសគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។
*ទី២៖ ការអភិវឌ្ឍមូលដ្ឋាន ផ្លូវ ទឹក ភ្លើង ប្រព័ន្ធលូជាដើម។
*ទី៣៖ បរិស្ថាន សុខមាលភាពសង្គម ការបំរើសេវាសុខាភិបាល។
*ទី៤៖ ការផ្តល់សេវាសាធារណៈ នៅថ្នាក់ខណ្ឌ ដែលអាជ្ញាធរបានផ្តល់ជូនបានល្អហើយឬនៅ មានអំពើពុករលួយ នៃការផ្តល់សេវានេះទេ៕