(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាឱកាសក្នុងការសិក្សាជំនាញបន្ថែមលើជំនាញបច្ចុប្បន្ន ដើម្បីមានលទ្ធភាពក្នុងការពង្រីក និងបង្កើតមុខរបរថ្មី ឱ្យកាន់តែប្រសើរ និងមានប្រាក់ចំណូលច្រើនជាងមុន។

ក្នុងឱកាសនេះដែរ លោកស្រី សារី ហ្វីនី ជាអាជីវករលក់នុយត្រី ស្ថិតនៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ បានលើកឡើងថា ខ្លួនបានបញ្ចប់ការសិក្សា ជំនាញវិជ្ជាជីវៈផ្នែកធ្វើនំដោយជោគជ័យកាលពីប៉ុន្មានខែមុន។ ស្រ្តីរូបនេះបានសម្រេចចិត្តចូលសិក្សាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់ រាជរដ្ឋាភិបាលក្នុងគោលបំណង ដើម្បីបន្ថែមជំនាញពីលើមុខរបរបច្ចុប្បន្នដែលមានស្រាប់។

លោកស្រី សារី ហ្វីនី បានបន្ដថា ការសិក្សាជំនាញវិជ្ជាជីវៈ គឺមានភាពងាយស្រួលក្នុងការសិក្សា ពីព្រោះកម្មវិធីមួយនេះមានជំនាញជាច្រើន ដែលអាចជ្រើសរើសដើម្បីសិក្សាបាន ជាពិសេសមានជំនាញដែលអាចឱ្យពលរដ្ឋដែលមានវ័យច្រើនអាចចូលរៀនបាន។ លើសពីនោះ គឺការសិក្សាជំនាញមួយនេះ អាចជ្រើសរើសម៉ោងសិក្សាច្រើនវេន មានទាំងព្រឹក រសៀល និងយប់ ចាប់ពីថ្ងៃចន្ទ ដល់សុក្រ និងសៅរ៍ អាទិត្យ ដែលសុទ្ធសឹងតែជាពេលវេលាល្អ សម្រាប់ពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចសិក្សាបាន។

លោកស្រីថា ខ្លួននឹងបង្កើតមុខរបរថ្មីមួយទៀតលើជំនាញដែលបានសិក្សានាពេលកន្លងមក។ លោកស្រីលើកទឹកចិត្តទៅដល់បងប្អូន ដែលជាអ្នកប្រកបរបរ សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមកចាប់ឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈណាមួយបន្ថែមទៀតដើម្បីមានលទ្ធភាពក្នុងការបង្កើត និងបង្កើនមុខរបរថ្មី នាពេលអនាគត។ ជាពិសេសពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានជីវភាពខ្វះខាត ដែលអាចសិក្សាជំនាញនេះដោយឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលជារៀងរាល់ខែផងដែរ។

ចំណែក លោកស្រី ចាប ចិន្តា ដែលជាអាជីវករលក់បាយស្ថិតនៅគីឡូម៉ែត្រលេខ៦ រាជធានីភ្នំពេញ បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលកម្ពុជាដែលផ្តល់ឱ្យលើការសិក្សាជំនាញមួយដោយឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភ គឺជាឱកាសសម្រាប់ពលរដ្ឋ ដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចមានលទ្ធភាពក្នុងការសិក្សាជំនាញថ្មី អាចបង្កើតមុខរបរឱ្យល្អជាងមុន ទទួលបានប្រាក់ចំណូលសមរម្យ និងបន្ថែមលើរបរបច្ចុប្បន្ន។

ពាក់ព័ន្ធនឹងព័ត៌មានសិក្សាជំនាញវិជ្ជាជីវៈ លោកស្រីធ្លាប់ឃើញមានអាជ្ញាធរមូលដ្ឋាន បានផ្តល់ព័ត៌មានអំពីការសិក្សាជំនាញវិជ្ជាជីវៈ ទៅដល់បងប្អូន ប្រជាពលរដ្ឋបានពេញលេញនៅមូលដ្ឋាននាពេលកន្លងមក និងបានលើកទឹកចិត្តទៅដល់យុវជនដែលទទួលបានលទ្ធផលមិនល្អក្នុងការប្រឡងថ្នាក់ទី១២ ជាពិសេសពលរដ្ឋដែលជាអ្នករកស៊ីបន្តិចបន្តួចឱ្យទៅចាប់យកឱកាសក្នុងការសិក្សាជំនាញបន្ថែម ពីព្រោះការសិក្សាជំនាញមានរយៈពេលខ្លី ហើយអាចជ្រើសរើសម៉ោងសិក្សាបានច្រើនវេន ដែលអាចឱ្យពលរដ្ឋឆ្លៀតពេលទៅទទួលការសិក្សាជំនាញថ្មីដោយគ្មានបញ្ហាប្រឈម និងប៉ះពាល់ការរកសុី។

ទន្ទឹមនេះ ពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់មកលើពលរដ្ឋ ជាពិសេស អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ កន្លងមកតាមរយៈការដាក់ចេញនូវកម្មវិធីលើកកម្ពស់ជីវភាពពលរដ្ឋជាច្រើន ជាពិសេសនៅក្នុងអាណត្តិទី៧នេះ ដែលមានទាំងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសិក្សាដោយឥតគិតថ្លៃ រួមនិងការពង្រីកវិសាលភាពបេឡាជាតិសន្តិសុខសង្គម ដែលអាចអនុញ្ញាត ឱ្យពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចក្លាយជាសមាជិកដើម្បីទទួលបានការសេវាថែទាំសុខភាពមួយយ៉ាងមានប្រសិទ្ធភាពទៀតផង។

បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះ បានទទួលសិស្សចុះឈ្មោះចូលរៀនសរុបចំនួន ជិត៨ម៉ឺននាក់នៅទូទាំងប្រទេស។ យោងតាមលទ្ធផលក្នុងរយៈពេលមួយឆ្នាំ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះ បាននិងកំពុងបន្តបេសកកម្ម របស់ខ្លួន ក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនយ៉ាងសកម្មនៅទូទាំងប្រទេស ហើយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។ ក្នុងនោះ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេស ក៏បានប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញជាបន្តបន្ទាប់ផងដែរ៕