(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក DATUK KWEK LENG SAN ប្រធានក្រុមហ៊ុន Hong Leong Manufacturing Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានជំនាញខាងវិស័យហិរញ្ញវត្ថុ, អចលនទ្រព្យ, កម្មន្តសាល និងបច្ចេកវិទ្យា។ ក្រុមហ៊ុន ក៏មានប្រតិបត្តិការអាជីកម្ម នៅតាមបណ្ដាប្រទេសមួយចំនួនផងដែរ រួមមាន៖ ប្រទេសចិន, ទីក្រុងហុងកុង, ចក្រភពអង់គ្លេស, ប្រទេសក្នុងតំបន់អាស៊ាន និងអ៉ឺរ៉ុប។
លោកបានបន្តថា នៅកម្ពុជា ក្រុមហ៊ុនមានដំណើរការអាជីវកម្មខាងវិស័យធនាគារ។ តាមរយៈបទពិសោធន៍របស់ក្រុមហ៊ុននៅកម្ពុជា ក្នុងរយៈពេលប្រមាណជាង ១០ឆ្នាំមកនេះ ក្រុមហ៊ុនបានមើលឃើញពីសក្ដានុពលនៃវិនិយោគថ្មីៗជាច្រើនរបស់កម្ពុជា និងមានបំណងចង់ពង្រីកការវិនិយោគបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃអាជីវកម្មរបស់ក្រុមហ៊ុន និងស្វាគមន៍ចំពោះបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ សម្ដេចបវរធិបតី បានគូសបញ្ជាក់ពីគោលនយោបាយវិនិយោគរបស់កម្ពុជា ដោយបានសង្កត់ធ្ងន់ថា កម្ពុជាធានាបាននូវបរិយាសវិនិយោគមួយ ដែលមានស្ថិរភាព, មានភាពប្រកួតប្រជែង និងមានក្របខ័ណ្ឌច្បាប់វិនិយោគមួយប្រកបដោយភាពទាក់ទាញ និងបើកទូលាយសម្រាប់វិនិយោគិន ជាមួយនឹងការផ្ដល់ការលើកទឹកចិត្តជាច្រើនថែមទៀត ដល់វិស័យឯកជន។
សម្ដេចបវរធិបតី បានបន្ថែមទៀតថា ការវិនិយោគនៅកម្ពុជា មិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ តែក៏សម្រាប់ទីផ្សាតំបន់ និងសកលលោកតាមរយៈយន្តការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជា ជាមួយបណ្ដាប្រទេសក្នុងតំបន់ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគ លើការផលិតគ្រឿងបន្លាស់យានយន្តសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារតំបន់ និងពិភពលោក ហើយរាជរដ្ឋាភិបាលបានត្រៀមជាស្រេចដើម្បីជួយគាំទ្រ និងបង្កភាពងាយស្រួលដល់ភាពជោគជ័យរបស់បណ្តាក្រុមហ៊ុននានា ដែលបាននិងកំពុងវិនិយោគនៅកម្ពុជា៕