(កំពង់ចាម)៖ សិស្សឆ្នើមថ្នាក់ទី១០ ទទួលជ័យលាភីប្រចាំស្រុកព្រៃឈរ ចំនួន២៧នាក់ បានទទួលពានរង្វាន់លើកទឹកចិត្តពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុ​នម៉ាណែត។

ពិធីផ្ដល់ពានរង្វាន់ដល់សិស្សឆ្នើមខាងលើនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណវិទ្យាល័យ ហ៊ុនសែន ព្រៃទទឹង ស្រុកព្រៃឈរ ក្រោមអធិបតីភាពលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមទាំងប្រតិភូអមដំណើរ និងថ្នាក់ដឹកនាំខេត្តកំពង់ចាមជាច្រើនរូបទៀត។

នាឱកាសនោះឧបនាយករដ្ឋ កើត រិទ្ធ បានថ្លែងថា នេះជាលើកទីមួយហើយ ដែលមានការរៀបចំឱ្យមានការប្រឡងសិស្សឆ្នើមថ្នាក់ទី១០ ដែលមានពានរង្វាន់ធំបែបនេះ ក្នុងនោះជ័យលាភីដល់ទៅ២៥ និងជ័យលាភីតាមមុខវិជ្ជាចំនួន៤។

ឧបនាយករដ្ឋមន្ត្រី បានរំលឹកថា ការប្រឡងសិស្សឆ្នើមថ្នាក់ទី១០ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម័យប្រឡងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ដែលមានបេក្ខជនសរុបចំនួន៣១៣នាក់ ស្រី២២៤នាក់ មកពីវិទ្យាល័យចំនួន៥ ក្នុងស្រុកព្រៃឈរ ត្រូវបានរកឃើញសិស្សជ័យលាភីចំនួន ២៧នាក់។

ជាមួយគ្នានេះ ការកំណត់យកសិស្សឆ្នើមថ្នាក់ទី១០ សម្រាប់ការប្រលងយកពានរង្វាន់នេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងលើកទឹកចិត្តដល់សិស្សឆ្នើមថ្នាក់ទី១០ ដែលបានខិតខំរៀនសូត្រនាពេលកន្លងមក និងជំរុញលើកទឹកចិត្តឱ្យសិស្សានុសិស្សយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យក្លាយជាសិស្សពូកែ តាំងពីចូលកម្រិតមធ្យមសិក្សាបឋមភូមិ ពិសេសចាប់ពីថ្នាក់ទី៧ឡើងទៅ ដើម្បីត្រៀមលក្ខណៈសម្រាប់ការប្រលងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ផងដែរ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដែលបានផ្តួចផ្ដើមគំនិតក្នុងការរៀបចំឲ្យមានការប្រឡងនេះឡើង ក្នុងគោលបំណងចង់ឱ្យក្មួយៗសិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រ។

លោកបណ្ឌិតសភាចារ្យ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដែលបានត្រឡប់មកជួយដល់សាលា ដែលលោកធ្លាប់បានសិក្សារៀនសូត្រឱ្យមានការអភិវឌ្ឍជាលំដាប់ផងដែរ។

សូមបញ្ជាក់ថា រង្វាន់សម្រាប់សិស្សឆ្នើមជ័យលាភី សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំណាត់ថ្នាក់លេខ១ ទទួលបាន៖ បណ្ណសរសើរ ១សន្លឹក ម៉ូតូ ១គ្រឿង ម៉ាក Honda Dream ១២៥ ថវិកា១លានរៀល និងសៀវភៅ ២ឈុត (១ ឈុតគ្រប់មុខវិជ្ជាសម្រាប់ថ្នាក់ទី១១ និង ១ឈុតទៀតសម្រាប់ថ្នាក់ ទី១២), ចំណាត់ថ្នាក់លេខ២ ទទួលបានបណ្ណសរសើរ ១សន្លឹក ម៉ូតូ ១គ្រឿង ម៉ាក Wave ថវិកា ១លានរៀល និងសៀវភៅ ២ឈុត និងចំណាត់ថ្នាក់លេខ៣ ទទួលបានបណ្ណសរសើរ ១សន្លឹក ម៉ូតូ ១គ្រឿង ម៉ាក Wave ថវិកា ១លានរៀល និងសៀវភៅ ២ឈុត៕