(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានស្នើមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យការពារការចុះបញ្ជីដីទីទួលបុរាណ្យដែលជាសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវ។
ការថ្លែងបែបនេះរបស់លោកអភិបាលខេត្តស្វាយរៀង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកអភិបាលខេត្ត បានកោតសរសើរ និងអរគុណកងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អក្នុងខេត្ត។
អភិបាលខេត្តបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
*ទី១៖ រដ្ឋបាលក្រុង ស្រុក មន្ទីរពាក់ព័ន្ធ ត្រូវពិនិត្យកែសម្រួលជួសជុលផ្លូវដែលមានការខូចខាត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
*ទី២៖ រដ្ឋបាលក្រុង ស្រុក ត្រូវពិនិត្យ និងប្រមូលទុកដាក់សម្រាមឱ្យបានត្រូវដើម្បីសោភ័ណភាពទីក្រុង ឬស្រុកដែលគ្មានសំរាម
*ទី៣៖ អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់ត្រូវបន្តពង្រឹងបញ្ហាភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដូចជាការបង្ក្រាបរាល់ល្បែងស៉ីសងគ្រប់ប្រភេទ និងបញ្ហាក្មេងទំនើងដែលបង្កការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ
*ទី៤៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានម៉ឺងម៉ាត់
*ទី៥៖ បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព
*ទី៦៖ អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដាន និងទប់ស្កាត់ការទន្ទ្រានយកដីចំណីព្រែក ទន្លេ បឹងបួរ និងទីទួលបុរាណដែលជាសម្បត្តិរបស់រដ្ឋឱ្យមានប្រសិទ្ធភាព
*ទី៧៖ អាជ្ញាធរក្រុង-ស្រុក ត្រូវសហការជាមួយពន្ធដាខេត្តដើម្បីពិនិត្យ និងជំរុញដល់ម្ចាស់ផ្ទះជួលបង់ពន្ធកាត់ទុកឱ្យបានត្រូវតាមច្បាប់កំណត់៕