(ព្រះវិហារ)៖ ក្រសួងអធិការកិច្ច និងរដ្ឋបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំធ្វើវេទិកាសាធារណៈមួយ ស្ថិតក្នុងបរិវេនសាលាស្រុករវៀង ដើម្បីស្តាប់រាល់សំណើ និងសំណូមពរមួយចំនួនរបស់ ប្រជាពលរដ្ឋ ក៏ដូចជាផ្សព្វផ្សាយពីគោលនយោបាយសំខាន់ៗរបស់រជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

វេទិកាសាធារណៈនេះ ធ្វើឡើងក្រោមវត្តមានលោកស្រី វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងលោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត និងមានការចូលរួមពី លោកស្រី សេន សាណាស់ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរ ភូមិ ឃុំ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោកស្រី វី ស្រីពៅ បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈអធិបតី សមាជិកសមាជិកា នៃអង្គពិធីទាំងមូល ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួម។
លោកស្រីបានកោតសរសើរដោយស្មោះចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការល្អព្រមទាំងបង្កលក្ខណៈងាយស្រួលឱ្យក្រសួង ក៏ដូចជាមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តព្រះវិហារ បានរៀបចំកម្មវិធីវេទិកាសាធារណៈនេះឡើង ដើម្បីក្នុងគោលបំណងដោះស្រាយ និងទទួលសំណូមពរអំពីសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនឱ្យទាន់ពេលវេលា ដើម្បីចូលរួមចំណែកក្នុងការសម្រេចនូវ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លោកស្រីរដ្ឋលេខាធិការ បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិមុន ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ជាអាទិភាព ក្នុងការដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ និងការផ្តល់សេវាសាធារណៈទូទាំងប្រទេស ហើយបន្តមកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ក៏បានបន្តខិតខំយកចិត្តទុកដាក់ដោះស្រាយ និងបានរៀបចំគោលនយោបាយបានយ៉ាងត្រឹមត្រូវ តាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។

លោកស្រី វី ស្រីពៅ បានបន្តថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល លោករដ្ឋមន្ដ្រីក្រសួងអធិការកិច្ច តែងលើកទឹកចិត្ដផ្ដល់ការគាំទ្រដល់រូបលោកស្រី ឱ្យបន្តខិតខំរៀបចំកម្មវិធីវេទិកាសាធារណៈនេះ កាន់តែទូលំទូលាយនៅ ទូទាំងប្រទេស ដើម្បីស្តាប់រាល់សំណើ សំណូមពរ បញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយឱ្យទាន់ពេលវេលា និងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា វេទិកាសាធារណៈរបស់ក្រសួងអធិការកិច្ច និងអាជ្ញាធរខេត្តព្រះវិហារនាពេលនេះ គឺប្រកបដោយបរិយាកាសរីករាយ ការយកចិត្តទុកដាក់ និងចូលរួមសួរជាសំណួរយ៉ាងផុសផុលរបស់ប្រជាពលរដ្ឋ ទាក់ទងនឹង បញ្ហាសំណើ សំណូមពរ និងបញ្ហាប្រឈមផ្សេងៗ មានចំនួន ៣២សំណូមពរ ហើយត្រូវបានអាជ្ញាធរខេត្ត ព្រះវិហារ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុករវៀង ធ្វើការឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយ និងដោះស្រាយជូនភ្លាមៗផងដែរ ដោយឡែកបញ្ហាមួយចំនួនទៀតនិងដោះស្រាយជូនពលរដ្ឋនៅពេលដ៍ខ្លីខាងមុខ៕