(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ អ្នកផ្ទុកមេរោគអេដស៍ចំនួន១៥០នាក់ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២៤ ក្រោមប្រធានបទ «សិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍»។ ពិធីនេះប្រព្រឹត្តទៅនៅបរិវេណវត្តរកា ស្ថិតក្នុងភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្នុងឱកាសនោះលោក សុខ លូ បានសម្តែងក្តីសោមនស្សរីករាយ និងពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ បើទោះបីជាសម្តេច មិនបានអញ្ជើញមកដោយផ្ទាល់តែសម្តេចតែងតែមានក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ ពោលគឺទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ក បង្កើនផលដាំ ដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង។
អភិបាលខេត្ត បានបញ្ជាក់ថា ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងឱកាសពេលនេះគូសបញ្ជាក់ពីការ យកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជា ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ភាពមិនរើសអើង ជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ និងការលើកកម្ពស់សិទ្ធិរស់នៅស្មើមុខស្មើមាត់ជាមួយប្រជាពលរដ្ឋទូទៅក្នុងសង្គមជាតិ និងជាការបង្ហាញពីវឌ្ឍនភាពការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចបានមួយឆ្នាំកន្លងមក ក្នុងការឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ទន្ទឹមនឹងនេះ លោក សុខ លូ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមជាពហុវិស័យជាមួយកាកបាទក្រហមកម្ពុជា អាជ្ញាធរជាតិ ស្ថាប័នរដ្ឋ-ឯកជន សប្បុរសជន និងដៃគូគ្រប់មជ្ឈដ្ឋាន ដើម្បីយើងទាំងអស់គ្នាឈានទៅ សម្រេចគោលដៅ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់បញ្ហាអេដស៍ នៅឆ្នាំ២០២៥។
សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋទាំង ១៥០គ្រួសារ ក្នុងគ្រួសារនីមួយៗទទួលបានអំណោយ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកសុទ្ធវីឃែរ ១កេស, ភួយ១, សារុង១, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ និងថវិកា ចំនួន ៤ម៉ឺនរៀលផងដែរ៕