(សៀមរាប)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានលើកឡើងថា រយៈពេល៣ថ្ងៃនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយគ្មានមីន ទទួលបានលទ្ធផលប្រកបដោយ ភាពជោគជ័យ និងមានការសាទរពីគណៈប្រតិភូអូតាវ៉ា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះ។
លោកបណ្ឌិត លី ធុជ លើកឡើងយ៉ាងដូច្នេះ នៅក្នុងឱកាសដែលលោកអញ្ជើញជូនដំណើរគណៈប្រតិភូ ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយគ្មានមីន ទៅទស្សនានៅប្រាសាទអង្គរវត្ត នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកបណ្ឌិតបានបន្តថា កិច្ចប្រជុំកំពូល គឺគឺជាការប្រមូលផ្ដុំ នៃស្មារតីទទួលខុសត្រូវនៃកិច្ចសាមគ្គី និងការប្ដូរផ្ដាច់រួមគ្នា ដើម្បីធ្វើយ៉ាងណាឱ្យពិភពលោកមួយគ្មានការគ្រោះថ្នាក់ដោយសំណល់គ្រាប់មីន។ ក្នុងនោះមានជាង ១០០ប្រទេស និង៨០អង្គការធំៗសំខាន់ៗ រួមទាំងអង្គការសហប្រជាជាតិបានអញ្ជើញមកប្រមូលផ្ដុំគ្នា ដើម្បីធ្វើការប្តេជ្ញាចិត្តរួមគ្នា បន្តបេសកកម្មរួមគ្នាសកល ដើម្បីពិភពលោកមួយគ្មានមីន ដែលក្នុងមួយឆ្នាំៗពិភពលោក មានគ្រោះថ្នាក់ ដោយសារមីនជាង៥ពាន់នាក់ ហើយដែលមានបណ្ដាប្រទេសប្រមាណ ៣៣ប្រទេស ប្រទេសដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយសារសំណល់ពីសង្គ្រាម។
លោកបណ្ឌិត បានបន្តថា កិច្ចប្រជុំនៅថ្ងៃទី៣នេះ យើងបានប្រជុំដែលមានរបៀបវារៈសំខាន់មួយចំនួន៖
*ទី១៖ បណ្ដាប្រទេសដែលលោកត្រូវការបន្តដាក់នៅចំនួនឆ្នាំ ដើម្បីបញ្ចប់ការងារបោះសម្អាតគ្រាប់មីន គ្រាន់តែដាក់សំណើ ហើយកិច្ចប្រជុំត្រូវអនុម័តជូនគាត់នៅថ្ងៃនេះ ឬក៏ស្អែកព្រឹក។
*ទី២៖ តម្រូវការនៃបណ្ដាប្រទេសកំពុងប្រឈមការបោសសំអាតមីននេះ ត្រូវលើកឡើងនៅវឌ្ឍនភាពការងាររបស់ខ្លួន បញ្ហាប្រឈម និងតម្រូវការរបស់ពួកគាត់។ ក្នុងនោះ មានតម្រូវការជាហិរញ្ញវត្ថុ តម្រូវការជាធនធានមនុស្ស តម្រូវការជាជាជំនាញ ជាសម្ភារជាដើមដល់អង្គសន្និបាត ដើម្បីឱ្យគេស្ដាប់ នឹងយកទៅគិតពិចារណា ព្រមទាំងរកមធ្យោបាយដោះស្រាយ។
លោកបណ្ឌិតបញ្ជាក់ថា កិច្ចប្រជុំនេះនឹងចេញឯកសារចំនួន៣សំខាន់ នៅថ្ងៃចុងក្រោយ និងអនុម័តឯកសារ ៣ស្នូល ដែលជាឯកសារជាប្រវត្តិសាស្ត្រ និងជាឯកសារសំខាន់សម្រាប់អនុសញ្ញាអូតាវ៉ានេះ យកទៅអនុវត្តរយៈពេល៥ឆ្នាំទៀត៖
*ទី១៖ ផែនការសកម្មភាពសម្រាប់ការងារអនុសញ្ញានេះ៥ឆ្នាំទៅមុខទៀត ដែលហៅថា ឯកសារផែនការសកម្មភាពសៀមរាប-អង្គរ ដែលកំពុងតែប្រមូលធាតុចូលជាចុងក្រោយ ដើម្បីរៀបចំផែនការនេះចប់សព្វគ្រប់នៅយប់នេះ ដើម្បីឱ្យថ្ងៃសុក្រខាងមុខនេះអនុម័តតែម្ដង ហើយយើងប្រកាសប្រើប្រាស់ជាផ្លូវការ ហើយឯកសារនឹងមានឈ្មោះថា (សៀមរាប-អង្គរ) ឈ្មោះនេះនឹងក្លាយទៅជាឈ្មោះមួយដ៏ល្បីក្នុងពិភពលោក។
*ទី២៖ ឯកសារសេចក្តីថ្លែងការណ៍នយោបាយ ដែលគណៈប្រតិភូជាន់ខ្ពស់ដែលមានថ្នាក់រដ្ឋមន្ត្រី ត្រូវអនុម័ត និងគាំទ្រ ដែលជាសេចក្តីថ្លែងការណ៍មួយ បង្ហាញពីបណ្ដាប្រទេស១៦៤ ជាសមាជិករដ្ឋភាគីអនុសញ្ញានេះ ប្តេជ្ញាចិត្តនូវការគោរពឱ្យបានត្រឹមត្រូវ នូវខ្លឹមសារ តម្រូវការ គោលដៅរបស់អនុសញ្ញាអូតាវ៉ា ដែលស្ដីពីការហាមឃាត់នៃការប្រើប្រាស់ ដឹកជញ្ជូន និងការងារបោះសំអាត ហើយនឹងការជួយដល់ជនដែលរងគ្រោះ ដោយសារសំណល់ផ្ទុះពីសង្គ្រាម និងអំពាវនាវដល់បណ្តាប្រទេសទាំង៣៣ទៀត ដែលមិនទាន់បានចូលជាសមាជិកនៃអនុសញ្ញាអូតាវ៉ានេះ ឱ្យប្រញាប់ប្រញាល់ដើម្បីគាំទ្រ ឬមិនបានចូលរួមទេក៏បានគាំទ្រដល់ ការងារបោះសំអាតមីននេះ។ បើអាចធ្វើទៅបានចូលជាសមាជិករដ្ឋភាគីឱ្យបានឆាប់ៗ ដើម្បីរួមដំណើរគ្នាឆ្ពោះទៅរកពិភពលោកមួយគ្មានគ្មានមីន។
សេចក្តីថ្លែងការណ៍នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានមកថ្លែងការណ៍ពិសេសនៅថ្ងៃបើកនោះ សម្តេចក៏បានចុះហត្ថលេខាគាំទ្រមុនគេ ហើយបណ្ដាប្រទេសដ៏ទៃទៀតក៏បានចុះហត្ថលេខាដែរ ហើយនឹងបន្តការគាំទ្រជាបន្តបន្ទាប់មកដែរ។
*ទី៣៖ ឯកសារយើងហៅថាកិច្ចប្រជុំនេះ ជាកិច្ចប្រជុំពិនិត្យឡើងផែនការការងាររបស់អនុសញ្ញាអូតាវ៉ា៥ឆ្នាំកន្លងមកនេះធ្វើបានអីខ្លះ ខ្វះខាតចំណុចណាខ្លះ ហើយនិងត្រូវកែលម្អពីចំណុចណា ដើម្បីយកវាមកដាក់ក្នុងផែនការ សកម្មភាព ៥ឆ្នាំទៅមុខទៀត ហៅផែនការសកម្មភាពសៀមរាប-អង្គរ។ ការប្រមូលផ្ដុំនៃបណ្ដាប្រទេសជាង១០០ ហើយនៅអង្គការធំៗ ដែលមានអ្នកចូលរួមប្រមាណជិត ៨០០នាក់ តំណាងនៅហ្វ្រិកមិនបានមកទាំងអស់ទេ ដោយប្រទេសមួយចំនួនលោកខ្វះខាតធនធាន មិនអាចធ្វើដំណើរមកបានទេ ប៉ុន្តែមកមួយចំនួនធំនេះ ក៏មានប្រទេសតំណាងឱ្យប្រទេសជិតខាងរបស់ខ្លួន អាហ្វ្រិកត្បូង តំណាងឱ្យប្រមាណ៤ ទៅ៥ប្រទេសនៅជិតខាងខ្លួនផងដែរ។
ការប្រមូលផ្ដុំនៅលើទឹកដីសៀមរាបដ៏អស្ចារ្យរបស់យើងនេះ គឺជាការប្រមូលផ្ដុំនៃការអាណិតអាសូរ ការស្រឡាញ់នៅសន្តិភាព ការប្រាជ្ញាចិត្តរួមគ្នា ដើម្បីឱ្យពិភពលោកកុំឱ្យជួបប្រទះនូវបញ្ហា ដែលបង្កើតឡើងដោយការ ប្រើប្រាស់មីនប្រឆាំងមនុស្ស។ ពីទឹកដីសៀមរាប គឺជាកន្លែងដែលពិភពលោកទាំងមូល និងយកទៅវិញនៅសារនៃសន្តិភាព សារនៃការរស់នៅសុខដុមរមនា សារនៃការកសាងសកលលោកមួយ ដែលការពារដល់សិទ្ធិ អ្នករងគ្រោះដោយសារមីន ការពារដល់ជីវិតរបស់ក្មេងៗយុវជនជំនាន់ក្រោយ គឺចេញពីទឹកដីសៀមរាបនេះ៕