(ភ្នំពេញ)៖ លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Lesile Luyuan Eletric Vehicle Co.,Ltd ដោយមានការអញ្ជើញចូលរួមពីលោកអនុរដ្ឋលេខាធិការ អគ្គនាយក លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងមន្រ្តីជំនាញពាក់ព័ន្ធ។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីទទួលស្ដាប់ការធ្វើបទបង្ហាញពីក្រុមហ៊ុន Lesile Luyuan Eletric Vehicle Co.,Ltd និងសិក្សាស្វែងយល់ពីឱកាសសហការសុំផ្ដល់ការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន ដល់ក្រុមហ៊ុនលើវិស័យដឹកជញ្ជូនផ្លូវគោក និងឱកាសវិនិយោគលើវិស័យយានយន្តអគ្គិសនីនៅកម្ពុជាផងដែរ។

ថ្លែងនាឱកាសនោះលោករដ្ឋលេខាធិការ ក៏បានលើកឡើងអំពីសារៈសំខាន់នៃការចូលរួមពីវិស័យឯកជនជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាប្រធានគណៈកម្មាធិការអន្តរក្រសួងគ្រប់គ្រងលើការអភិវឌ្ឍយានយន្តអគ្គិសនី បាននិងកំពុងខិតខំជំរុញការបង្កើនហេដ្ឋារចនាសម្ព័ន្ធគាំទ្រឱ្យបានច្រើនបន្ថែមទៀតនៅតាមបណ្តា រាជធានី-ខេត្ត៕