(ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញពីការសម្រេចចោទប្រកាន់លើក្មេងទំនើងមួយក្រុម ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សា នៅភូមិគោកព្រេជ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណីក្រុមក្មេងទំនើងមួយក្រុមមានគ្នាប្រហែលចំនួន១០នាក់ បានធ្វើសកម្មភាពជិះម៉ូតួដេញតាមវាយជនរងគ្រោះចំនួន២នាក់ ដោយបានប្រើប្រាស់មួកសុវត្ថិភាពគប់ទៅលើជនរងគ្រោះម្នាក់ បណ្ដាលឲ្យចំដៃខាងឆ្វេងមួយមួក ហើយក្រុមក្មេងទំនើងខាងលើក៏បានលើកជើងធាក់ម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យដួលធ្លាក់ពីលើម៉ូតូ និងរងរបួសស្នាមរលាត់ជើងខាងឆ្វេង។

ចំណែកជនរងគ្រោះ ម្នាក់ទៀតក៏បានផ្ដួលម៉ូតូចោល ដើម្បីរត់គេចខ្លួននៅចំណុចផ្លូវបេតុង ភូមិគោកព្រេជ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រោយពីធ្វើសកម្មភាពរួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។ រហូតមកដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចក៏បានស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ឈ្មោះ ឆេង សុខលាភ អាយុ១៥ឆ្នាំ និងឈ្មោះ ជា ដាលីន ហៅ អាពៅ អាយុ១៤ឆ្នាំ។ បក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្ត។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង២នាក់ខាងលើ និងបក្ខពួក ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅស្ថិតនៅចំណុចផ្លូវ បេតុង ភូមិគោកព្រេជ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ៕