(កំពង់ធំ)៖ បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន នៅឃុំបល្ល័ង្ក ចំនួន ២រូប, អ្នកសង្កេតការណ៍គណបក្សភ្លើងទៀន ចំនួន ២រូប និងអ្នកសង្កេតការណ៍គណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន ២រូប សរុបចំនួន ៩រូប ក្នុងមូលដ្ឋានខេត្តកំពង់ធំ បានប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សប្រឆាំង និងសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនប្រជាជនកម្ពុជា។
ការប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សប្រឆាំងបន្តទៀតហើយ បន្ទាប់ពីមើលឃើញថា សកម្មភាពនយោបាយរបស់បក្សប្រឆាំងមិនបានជួយអ្វីដល់ជាតិនោះឡើយ។ ជាពិសេសពួកគេខាងសម្បាខ្លាំង នៅពេលជនក្បត់ ប្រយោជន៍ជាតិ សម រង្ស៉ី និងបក្ខពួក ព្យាយាមធ្វើសកម្មភាពរារាំងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានប្រយោជន៍មហាសាលសម្រាប់ជាតិ។ សកម្មភាពនេះ ជាទង្វើមួយដ៏អាម៉ាស់ជាទីបំផុត។
ទន្ទឹមនឹងការប្រកាសបញ្ឈប់ទំនាក់ទំនងជាមួយបក្សប្រឆាំង ហើយក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជាផងដែរ។
ដោយមើលឃើញច្បាស់ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន៕