(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានថ្លែងថា នៅពេលសកលលោកកំពុងប្រឈមបញ្ហាកាន់តែ មានភាពសាំញាំ និងស្មុគស្មាញឡើង ការចូលរួមរបស់ស្ត្រីក្នុងដំណើរកសាងសន្តិភាពជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ជារឿយៗស្ត្រីតែងប្រឈមមុខនឹងជម្លោះជាច្រើន ប៉ុន្តែពួកគាត់ក៏ជាអ្នកដែលដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញការសន្ទនា ការផ្សះផ្សា និងរក្សាសន្តិភាពយូរអង្វែងនៅក្នុងសហគមន៍របស់ខ្លួន។

ការថ្លែងបែបនេះរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ស្ត្រី សន្តិភាព និងសន្តិសុខសម្រាប់តំណាងរាស្រ្តជាស្ត្រី៖ បច្ចេកទេស និងវិធីសាស្រ្តក្នុងការសម្រុះសម្រួល និងការចរចារបស់សភា» ដែលរៀបចំធ្វើនៅវិមានរដ្ឋសភា។ ពិធីនេះ មានការចូលរួមពី សមាជិកសភាមកពី បណ្តាប្រទេសមួយចំនួនក្នុងសហគមន៍អាស៊ាន និងដៃគូមួយចំនួន ដែលរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សម្តេចរដ្ឋសភាធិបតី ក៏បានប្រសាសន៍ថា ការចូលរួមចំណែករបស់ស្រ្តី ក្នុងដំណើរការនៃការផ្សះផ្សាជម្លោះ គឺអាចជំរុញការចូលរួមរបស់ សហគមន៍ ក្នុងការដោះស្រាយជម្លោះ និងការស្វែងរកសន្តិភាព។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ជាងនេះទៅទៀតស្ត្រីដើរតួយ៉ាងសំខាន់ ក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច ពង្រឹងសាមគ្គីភាពសង្គម និងលើកកម្ពស់ធម្មានុភាពនយោបាយ។ ការចូលរួមចំណែករបស់ស្រ្តី ក្នុងដំណើរការនៃការផ្សះផ្សាជម្លោះ គឺអាចជំរុញការចូលរួមរបស់សហគមន៍ ក្នុងការដោះស្រាយជម្លោះ និងការស្វែងរកសន្តិភាព។

នៅពេលស្រ្តីមានតួនាទីកាន់តែសំខាន់នៅក្នុងសង្គមបែបនេះ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើថា តាមរយៈអំណាចនីតិប្បញ្ញត្តិ សមាជិកសភា អាចប្រើប្រាស់ច្បាប់ថវិកាជាតិ គោលនយោបាយ និងកម្មវិធី ដែលដាក់បញ្ចូលនូវរបៀបវារៈ ស្ត្រីសន្តិភាព និងសន្តិសុខ ក្នុងអភិបាលកិច្ច និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការតស៊ូមតិ ការជជែកដេញដោល និងការអនុម័តច្បាប់ ដែលគាំទ្រដល់ការអនុវត្តរបៀបវារៈស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ជាកិច្ចការមួយដ៏សំខាន់ដែលសមាជិកសភាត្រូវធ្វើ។

បន្ថែមពីនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានលើកឡើងផងដែរថា ពីការរីកចម្រើនគួរឱ្យកត់សម្គាល់ នៅកម្ពុជាក្នុងការជំរុញនូវរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ។ ជាមោទនភាពជាខ្លាំង ដែលកម្ពុជាបានក្លាយជាប្រទេសដំបូងគេក្នុងចំណោមសមាជិកអាស៊ាន និងជាប្រទេសទីពីរ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានរៀបចំរបាយការណ៍មានលក្ខណៈទូលំទូលាយស្តីពី «លទ្ធផលនៃការវាយតម្លៃឱកាសសម្រាប់ស្ត្រី ក្នុងប្រតិបត្តិការ សន្តិភាព» ដែលត្រូវបានបោះពុម្ភផ្សាយនៅឆ្នាំ២០២៣។

ជាថ្មីម្ដងទៀត​ សម្តេចប្រធានរដ្ឋសភា បានបន្ថែមទៀតថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់អាទិភាព ដល់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចដល់ស្ត្រីនៅគ្រប់វិស័យ និងគ្រប់កម្រិត រួមទាំងកងកម្លាំងប្រដាប់អាវុធផងដែរ។ សម្តេច បានលើកឡើងថា ក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ បានអនុម័តឯកសារជាច្រើន ដើម្បីជំរុញរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ រួមទាំងផែនការសកម្មភាពតំបន់អាស៊ានស្តីពី ស្ត្រីសន្តិភាព និងសន្តិសុខ ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងឯកសារទស្សនទាន ស្តីពីការពង្រឹងយន្តការគាំទ្រ ដល់កងរក្សាសន្តិភាពស្ត្រីអាស៊ាន ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងសេចក្តីសម្រេចចិត្ត ស្តីពីការលើកកម្ពស់តួនាទីសមាជិកសភាស្ត្រី ក្នុងការជំរុញរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ ដែលត្រូវបានផ្តួចផ្តើម និងសហគាំទ្រដោយសភាកម្ពុជា ដែលត្រូវបានអនុម័តក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សមាជិកសភាក៏អាចដើរតួនាទីជាអ្នកកសាងសន្តិភាព ជាពិសេសក្នុងពេលមានវិបត្តិ។ សមាជិកសភាគួរយកចិត្តទុកដាក់ ប្រើប្រាស់តួនាទីដើម្បីបន្ធូបន្ថយនូវភាពតានតឹង ជំរុញការសន្ទនានិងការជឿទុកចិត្ត និងលើកទឹកចិត្តឱ្យមាន ដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះតាមរយៈការស្វែងយល់ពីបញ្ហាប្រឈម ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សន្តិភាព និងសន្តិសុខ ពីការស្តាប់ពី តម្រូវការរបស់ប្រជាពលរដ្ឋ វាពិតជាមានតម្លៃហើយអាចឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ៕