(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់លើក្រុមក្មេងទំនើង៣ក្រុម ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សា នៅតំបន់កោះពេជ្រ និងកោះនរា ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងចំនួន២រឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើង រួមជាមួយជនសង្ស័យសរុបចំនួន១២នាក់ ដែលបានធ្វើសកម្មភាពចំនួន២លើក។

ក្នុងនោះ លើកទី១ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមក្មេងទំនើងឈ្មោះ ក្រុមតែទឹកកក (IT) បានធ្វើសកម្មភាពប្រើប្រាស់ដាវ កាប់ទៅលើក្រុមម្ខាងទៀត បណ្ដាលឲ្យរងរបួសចំកំភួនដៃខាងឆ្វេង រយៈហូរឈាមរងរបួសធ្ងន់ម្នាក់ រួចក្រុមក្មេងទំនើងខាងលើក៏បានបន្តនាំគ្នា កាប់ទៅលើម៉ូតូចំនួន៣គ្រឿងទៀត បណ្តាលឲ្យរងការខូចខាត នៅចំណុចបរិវេណមុខមហោស្រពកោះពេជ្រ។ លើកទី២ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រព្រឹត្តដោយក្រុមក្មេងទំនើងចំនួន៣ក្រុម ដោយឈ្មោះ ក្រុមវត្តកោះរីធើន (WKR) និងក្រុមចាក់ស្អុយ បានធ្វើសកម្មភាពប្រើប្រាស់ដាវ ជំពាមកៅស៊ូ និងដៃវាយ និងកាប់គ្នាទៅវិញទៅមកជាមួយ ក្រុមតែទឹកកក បណ្តាលឲ្យក្រុមតែទឹកកករងរបួសម្នាក់ដោយត្រូវគ្រាប់ជំពាមចំផ្ទៃមុខមួយគ្រាប់។

បន្ទាប់មកក្រុមវត្តកោះរីធើន (WKR) និងក្រុមចាក់ស្លុយ ក៏បានបន្តនាំគ្នាកាប់ម៉ូតូភាគីក្រុមក្មេងទំនើងឈ្មោះ ក្រុមតែទឹកកក បណ្តាលឲ្យខូចខាតចំនួន១គ្រឿង និងបានលួចយកទូរស័ព្ទដៃចំនួន២គ្រឿង មានម៉ាកអាយហ្វូន ចំនួន១គ្រឿង និងម៉ាកសាំសុងចំនួន១គ្រឿង នៅចំណុចគល់ ស្ពានកោះពេជ្រ និងកោះនរា។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្ត។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យចំនួន១២នាក់ និងបក្ខពួក ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងលួចមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅចំណុចមុខមហោស្រពកោះពេជ្រ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ និងប្រព្រឹត្តនៅចំណុចគល់ស្ពាន កោះពេជ្រ និងកោះនរា ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា២១៨ មាត្រា៩១០ មាត្រា៤១១ មាត្រា៣៥៣ មាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ៕