(កណ្តាល)៖ បណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជន របស់ក្រុមការងារគណបក្សប្រជាជន ចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងជាតំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្ស និងចាប់ឆ្នោតអាហារូបករណ៍ឆ្នាំសិក្សា ២០២៤ ដែលមានអ្នកចូលរួមប្រមាណ ៣៥០នាក់។
នៅក្នុងពិធីនោះដែរ គឺមានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាលនៃគណៈអភិបាល ស្រុកខ្សាច់កណ្តាល លោកគ្រូ អ្នកគ្រូ និងសិស្សានិសិស្ស ព្រមទាំងមន្រ្តីរាជការមួយចំនួនផងដែរ។
បណ្ឌិត កៅ ថាច បានមានប្រសាសន៍ស្វាគមន៍ ចំពោះលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនិងមន្ត្រីគណបក្សស្រុក ដែលបានចូលរួម ក្នុងការចាប់ឆ្នោតអាហារូបករណ៍បរិញ្ញាបត្រ បរិញ្ញាបត្ររង របស់អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ទទួលបន្ទុកក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ស្រុកមុខកំពូល និងស្រុកពញាឮ ជូនដល់ក្មួយៗ ទៅតាមសាកលវិទ្យាល័យ និងបណ្តាវិទ្យាស្ថាននានាដែលបានផ្តល់អាហា រូបករណ៍ ជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៤។
ជាមួយគ្នានេះ បណ្ឌិត កៅ ថាច បានលើកទឹកចិត្តនឹងជំរុញឲ្យក្មួយៗ និងប្អូនៗទាំងអស់ ដែលបានជាប់អាហារូបករណ៍រួចហើយនោះ ត្រូវខិតខំសិក្សារៀនសូត្រ កុំបោះបង់ការសិក្សាចោល ដោយត្រូវខិតខំស្រាវជ្រាវលើមុខវិជ្ជា និងអានសៀវភៅឲ្យបានច្រើន ដើម្បីបង្កើនចំណេះដឹង អភិវឌ្ឍន៍ខ្លួនក្លាយជាធនធានមនុស្សដ៏ល្អ និងខ្លាំងពូកែសំរាប់គ្រួសារ និងសង្គមជាតិទាំងមូល។ កន្លងទៅស្រុកខ្សាច់កណ្តាល បានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់លើការចង្អុលបង្ហាញពី អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រួមជាមួយសហការី ឈរលើឆន្ទៈមុតស្រួចឆ្ពោះទៅអភិវឌ្ឍន៍ភូមិ-ឃុំលើគ្រប់វិស័យ។
សម្រាប់សិស្សដែលបានចូលរួមចាប់ ឆ្នោតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសរុបមានចំនួន ២២៧ នាក់ ក្នុងនោះសិស្សនិទ្ទេស A ចំនួន៤ នាក់ ទទួលបានអាហារូបករណ៍ដោយស្វ័យប្រវត្តិដោយមិនឱ្យចាប់ឆ្នោតនោះឡើយ។ អាហារូបកណ៍ថ្នាក់បរិញ្ញាបត្រ ដែលបានបែងចែងជូនស្រុកខ្សាច់កណ្តាល ឆ្នាំ២០២៤នេះ មានចំនួន ៧១ កន្លែង ព្រមទាំងទទួលបានការឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕