(សៀមរាប)៖ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គណៈប្រតិភូព្រះសង្ឃខ្មែរក្រោមទាំង ៦ព្រះអង្គ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា បានចូលថ្វាយបង្គំសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម នៅវត្តរាជបូណ៌។
សូមជម្រាបថា គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម៦អង្គ បាននិមន្តមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេលពេញ១សប្តាហ៍ គឺចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងដំណើរទស្សនៈកិច្ចនេះ ព្រះអង្គបានចូលក្រាបបង្គំគាល់សម្តេចព្រះមហាសង្ឃរាជទាំង២គណៈ សម្តេចសង្ឃនាយស្តីទី នៃគណៈមហានិកាយ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីថ្លែងអំណរព្រះគុណ និងអរគុណដោយផ្ទាល់ដល់សម្តេចព្រះមន្ត្រីសង្ឃ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មហាពុទ្ធបរិស័ទគ្រប់ទិសទី ដែលមានសទ្ធាជ្រះថ្លា លះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងទ្រព្យ រៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្ត ស្វាយសៀមថ្មី ខេត្តត្រាវិញ កាលពីថ្ងៃទី ៣,៤,៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ៕